កូរ៉េខាងជើងបាន ចាប់ផ្តើមស្តាប់នូវ ចំណាប់អារម្មណ៍របស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងជំនួបជាកម្រមួយរវាងមន្ត្រីការ បរទេសនៃប្រទេសទាំងពីរ។
សារព័ត៌មាន Express របស់អង់គ្លេស បានផ្សាយថា រដ្ឋមន្ត្រីការបរទេសចិន បានបង្ហាញការគំាទ្រដល់ទស្សនវិស័យរបស់ កូរ៉េខាងជើង នៅក្នុងការស្វែងរកដំណោះស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េ ។ នៅ ពេលនេះដែរទីក្រុងប៉េកាំង ចង់មើលឃើញ ភាពរីកចម្រើននៅក្នុងទំនាក់ទំនងរវាងកូរ៉េទាំងពីរផងដែរ។
រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងថា មិនអាចច្រានចោលសំណើរបស់ភាគី កូរ៉េខាងត្បូងនោះឡើយ។ ការផ្លាស់ប្តូរ ឥរិយាបថ របស់កូរ៉េខាងជើង គឺក្រោយ ពេលដែលអាមេរិកបានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៅលើ ទីក្រុងព្យុងយ៉ាងពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលនិងបរមាណូនៅក្នុង ប្រទេសនេះ។
នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ជា មួយសមភាគីកូរ៉េខាងត្បូង ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំបានបញ្ជាក់ថា លោកនឹងដាក់គំនាបថែមទៀតទៅលើកូរ៉េខាងជើងដើម្បីឲ្យប្រទេសនេះបោះបង់កម្មវិធី មីស៊ីលនិងបរមាណូ ដែលបង្កវិវាទនោះ។
ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតី កូរ៉េខាងត្បូង បានបញ្ជាក់ថា ទ្វារនៃកិច្ច ពិភាក្សា នៅតែបើកស្វាគមន៍កូរ៉េខាងជើងចូលតុចរចា ក្នុងពេលដែលប្រទេសនេះព្រមបោះបង់កម្មវិធីបរមាណូ។
ចំណែកកូរ៉េខាងជើង វិញបានចាត់ទុកការដាក់ទណ្ឌកម្មរបស់អាមេរិក កន្លងមកគឺ ជារឿង មិនសមហេតុសមផល ក្នុងគោល ដៅប្រឆាំងនឹងកូរ៉េខាងជើង ។ ការដាក់ ទណ្ឌកម្មរបស់អាមេរិកគឺជារឿងខុស ច្បាប់។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានដកស្រង់ ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង មកបញ្ជាក់ថាការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ដែលលោកត្រាំចុះហត្ថលេខាកាលពីថ្ងៃទី២ ខែសីហា ជា រឿងមិនត្រឹមត្រូវឡើយ។
ទណ្ឌកម្ម ដែលអង្គការសហប្រជាជាតិបោះឆ្នោតអនុម័តកាលពីថ្ងៃសៅរ៍នោះ គឺដើម្បីកាត់ផ្តាច់ចំណូល១ភាគ៣ ដែលទីក្រុងព្យុងយ៉ាងទទួលបានពីការនាំចេញ។ ការនាំចេញផ្សេងៗ ដូចជាគ្រឿងសមុទ្រ រ៉ែដែក ឬក៏ធ្យូងថ្ម ផ្តល់ចំណូលដល់រដ្ឋកូរ៉េខាងជើងក្នុង១ឆ្នាំៗ ប្រហែល៣ពាន់លាន ដុល្លារ។ ទណ្ឌកម្មរបស់អង្គការសហប្រជា ជាតិ គឺដើម្បីកុំឲ្យលោកគីម ជុងអ៊ុន យក ថវិកានេះទៅអភិវឌ្ឍមីស៊ីល។ ទីក្រុងព្យុង យ៉ាងបានបរិហារថា ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិរំលោភយ៉ាងព្រៃផ្សៃទៅលើបូរណភាពកូរ៉េខាងជើង។
ចំណែកចិនបាន រំលឹកឡើងវិញថា ធ្វើយ៉ាងណាក៏ដោយ កុំឲ្យទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង អាចឈានទៅដល់ការធ្វើបាបប្រជាជននៅកូរ៉េខាងជើងឲ្យសោះ។ មាន ន័យថា សហគមន៍ អន្តរជាតិត្រូវប្រយ័ត្នឲ្យ មែនទែន ក្នុងការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ព្រោះអនុវត្តមិនស្រួល អាចប៉ះពាល់ដល់ប្រជាជនក្នុងប្រទេសកូរ៉េខាងជើងទៅវិញទេ។ ដូច្នេះពិបាកសម្រេចទិសដៅចុងក្រោយនៃទណ្ឌកម្មដែលចង់ ឲ្យក្រុងព្យុងយ៉ាង ចូលតុចរចា។ វាមានតែបន្ថែមភាពតានតឹងកាន់តែខ្លាំងឡើង ហើយ អាចផ្ទុះជាជម្លោះយោធាបាន។
វាដូចជាក្លាយទៅជាប្រពៃណីទៅ ហើយ ដែលគេមិនអាចរកដំណោះស្រាយវិបត្តិ នុយក្លេអ៊ែររបស់កូរ៉េខាងជើងបាន។ កូរ៉េខាងជើងមិនដែលខ្វល់នឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឬក៏ទណ្ឌកម្មរបស់ អន្តរជាតិទេ។ សេចក្តីសម្រេចដាក់បន្ថែមទណ្ឌកម្មថ្មីៗប្រឆាំងកូរ៉េខាងជើង មានតែ ជំរុញស្ថានការណ៍ឲ្យកាន់តែតានតឹងទៅវិញប៉ុណ្ណោះ ព្រោះពេលនេះ កូរ៉េខាងជើង ប្រកាសដាច់ខាតហើយថា មិនចូលចរចាជាដាច់ខាតដរាបណាសហរដ្ឋអាមេរិកនៅតែគំរាមកូរ៉េខាងជើង។
បើទោះបី កូរ៉េខាងត្បូងព្រមព្រៀងជា មួយអាមេរិក បន្ថែមសម្ពាធលើក្រុងព្យុង យ៉ាង ក៏ដោយក៏កូរ៉េខាងត្បូងដូចជាលែង ទុកចិត្តអាមេរិកក្នុងការការពារប្រជាជន កូរ៉េខាងត្បូង ក្នុងករណីដែលមានសង្គ្រាមជាមួយកូរ៉េខាងជើងនោះដែរ។
កូរ៉េខាងត្បូងពិបាកទុកចិត្តអាមេរិកព្រោះថា ពេលណាមានសង្គ្រាមឬជម្លោះ យោធា គឺឧបទ្វីបកូរ៉េ មិនថាអាមេរិកវាយប្រហារកូរ៉េខាងជើងមុន ឬក៏កូរ៉េខាងជើងលេងមីស៊ីលទៅអាមេរិកមុននោះទេ គឺបងប្អូនកូរ៉េទាំង២នេះហើយដែលរងគ្រោះមុនគេ។ ហេតុនេះហើយ ទើបប្រធានាធិបតី កូរ៉េខាងត្បូងថ្មី មូន ជេអុីន ព្យាយាមសុំ ចរចាជាមួយលោកគីម ជុងអ៊ុន។ កូរ៉េខាងត្បូងពិបាកទុកចិត្តអាមេរិក ព្រោះថ្មីៗនេះ អាមេរិកធ្វើឲ្យគេយល់ថា ចង់ទៅផ្តួលរលំ របបក្រុងព្យុងយ៉ាង។
សមាជិក ព្រឹទ្ធសភាបក្សសាធារណរដ្ឋអាមេរិកម្នាក់ធ្លាប់ប្រាប់ថា លោកត្រាំប្រាប់ គាត់ផ្ទាល់មាត់ថា អាមេររិកត្រៀមធ្វើសង្គ្រាម ដើម្បីកុំឲ្យក្រុងព្យុងយ៉ាងអាចអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ លោកត្រាំប្រាប់ទៀតថា បើ មានសង្គ្រាម គឺមាននៅតែខាងកូរ៉េទេ ហើយបើមានមនុស្សស្លាប់រាប់ពាន់រាប់លាននាក់ គឺមិនស្លាប់នៅអាមេរិកទេ។ ពាក្យពេចន៍ទាំងនេះមិនអាចឲ្យកូរ៉េខាងត្បូង ទុកចិត្ត លោកដូណាល់ ត្រាំឡើយ។ សង្គ្រាមកូរ៉េ បញ្ចប់មែន តែគ្មានសន្ធិសញ្ញាសន្តិភាពទេ ស្ថានភាពសង្គ្រាមនៅតែមានជានិច្ច នៅ ឧបទ្វីបកូរ៉េ។ ម្យ៉ាងទៀត បើកូរ៉េខាងជើង វាយប្រហារនុយក្លេអ៊ែរលើអាមេរិក អាមេរិកក៏ពិបាកជួយកូរ៉េខាងត្បូងដែរ ព្រោះ លោកត្រាំ ត្រូវជួយពលរដ្ឋអាមេរិកមុន ហើយ។
គ្រឹះនៃបញ្ហា គឺថាកូរ៉េខាងជើងផ្គើន អាមេរិក ក៏ដោយសារតែអាមេរិកនិងកូរ៉េ ខាងត្បូងបន្តធ្វើសមយុទ្ធរួមគ្នារាល់ឆ្នាំ ផ្គើន កូរ៉េខាងជើងវិញដែរ។ កូរ៉េខាងជើងចាត់ ទុកសមយុទ្ធនេះថាជាការហាត់សមត្រៀមវាយលុកកូរ៉េខាងជើង។ ដូច្នេះកូរ៉េខាងជើងក៏នៅតែមានលេសអភិវឌ្ឍកម្មវិធីមីស៊ីល តទៅទៀត។ នៅថ្ងៃទី៧ ខែសីហា លោក ស្រីកាំង គ្យុងវ៉ា ជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានជួបគ្នាមិនផ្លូវការ ជាមួយ លោករី យ៉ុងហូ ជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នៅវេទិកាអាស៊ានទីក្រុងម៉ា នីល។ លោកស្រីបានស្នើកូរ៉េខាងជើង ចូលតុចរចា តែប្រមុខការទូតកូរ៉េខាងជើង យល់ថា សំណើនេះគ្មានភាពស្មោះត្រង់ ទេ ព្រោះកូរ៉េខាងត្បូងនៅតែបន្តសហការជាមួយអាមេរិក នៅតែបន្តធ្វើសមយុទ្ធជា មួយអាមេរិករាល់តែឆ្នាំ។ ម្យ៉ាងទៀត អាមេរិកនិងកូរ៉េខាងត្បូងដូចជាមិនខ្វល់ មិន យល់ស្របតាមសំណើរបស់ចិន ក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើងសោះ។
ចិនដាក់សំណើ ឲ្យកូរ៉េខាងជើងផ្អាកសកម្មភាពមីស៊ីលនុយក្លេអ៊ែរ ហើយជាថ្នូរ អាមេរិកនិងកូរ៉េខាងត្បូងត្រូវផ្អាកសមយុទ្ធរួមគ្នា អាមេរិកត្រូវដកចេញវិញនូវខែលមីស៊ីលការពារមីស៊ីល ដែលបានដាក់នៅ កូរ៉េខាងត្បូង។ សំណើនេះជាអ្វីដែលកូរ៉េខាងជើងចង់បានយូរហើយ។ តែអាមេរិកនិងកូរ៉េខាងត្បូងដូចជាមិនខ្វល់ ហើយតាម កម្មវិធី ប្រទេសទាំង២ក៏នឹងបន្តធ្វើសមយុទ្ធយោធាប្រចាំឆ្នាំតទៅទៀត។ ពេលនេះ ទៀត លោកមូន ជេអុីន និងលោកដូណាល់ ត្រាំ ក៏សន្យាបន្តសហការគ្នា ដាក់សម្ពាធលើទីក្រុងព្យុងយ៉ាងទៀតហេតុនេះ រឿងអ្វីដែលទីក្រុងព្យុងយ៉ាងព្រមចូលតុចរចា ងាយៗនោះ ៕ ម៉ែវ សាធី