ព័ត៌មានទាន់ហេតុការណ៍៖

ឌីមសាំ ដ៏ល្បីល្បាញ របស់ទីក្រុងហុងកុង បង្ហាញវត្តមាននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ឌីមសាំគឺជាអាហាដែលជាមានរសជាតិឆ្ងាញ់ និងផ្តល់នូវគុណប្រយោជន៍សម្រាប់សុខភាព ហើយវាក៏ជាអាហាដ៏ល្បីល្បាញ របស់ប្រជាជនចិន និងត្រូវបានមនុស្សជាច្រើននៅលើពិភពលោកនិយមទទួលទាន។

ពេលនេះឌីមសាំ របស់Tim Ho Wan (ធីមហូវ៉ាន់)ដ៏ល្បីល្បាញ របស់ទីក្រុងហុងកុងក៏បានបង្ហាញវត្តមាននៅកម្ពុជាផងដែរ បន្ទាប់ពីហាងនេះមានវត្តមាននៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។

ការប្រកាសបង្ហាញវត្តមាននេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសប្រកាសបើកសម្ពោធ ភោជនីយដ្ឋាន Tim Ho Wan (ធីមហូវ៉ាន់) ប្រចាំកម្ពុជា ក្នុងបរិវេណផ្សារទំនើបអ៊ីអន។ ភោជនីយដ្ឋាន Tim Ho Wan (ធីមហូវ៉ាន់) នេះត្រូវបានធ្វើជាភោជនីយដ្ឋាន ឌីមសាំ ដ៏ល្បីល្បាញ ដែលទទួលបានការគាំទ្រ ពីសំណាក់ប្រជាជន ទូទាំងទីក្រុងហុងកុង ចំពោះរសជាតិដ៏ឆ្ងាញ់ពិសារ និងមានតំលៃសមរម្យ។

មិនត្រឹមតែប៉ុណ្ណោះ Tim Ho Wan (ធីមហូវ៉ាន់) ថែមងទាំទទួលបានការផ្តល់ពិន្ទុ ផ្កាយមួយពី Michelin Guide (មីឆេលលីនហ្គាយ) ដែលជាមគ្គុទេសផ្តល់ពន្ទុលើគុណភាព និងរសជាតិរបស់ភោជនីដ្ឋាន និងសណ្ឋាគារនៅលើពិភពលោក ថែមទៀតផង។

លោកស្រី សៀក ហ្គិច នាយិកានៃភោជនីដ្ឋាន Tim Ho Wan Cambodia (ធីមហូវ៉ាន់ កម្ពុជា) បានមាប្រសាសន៍ថា មូលហេតុដែលលោកស្រី នាំយកភោជនីដ្ឋាននេះ មកកម្ពុជា គឺក្នុងគោលបំណងបំពេញតម្រូវការ របស់ប្រជាជនកម្ពុជា ដែលមានកំណើន ជីវភាពកាន់តែល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

ម៉្យាងវិញទៀត លោកស្រីចង់អោយប្រជាជនកម្ពុជាយើងបានភ្លក់រសជាតិ ឌីមសាំ ដ៏ល្បីល្បាញ និងឆ្ងាញ់ពិសាប្រចាំហុងកុង តំលៃសមរម្យ ដែលប្រជាជនយើង អាចទទួលយកបាន ព្រមជាមួយទីកន្លែង មានផាសុខភាព។

លោកស្រីបន្តថា នៅពេលខាងមុខដ៏ខ្លី លោកស្រីនឹងបើកសាខាភោជនីដ្ឋាននេះ បន្ថែមទៀតនៅតាមតំបន់សំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ ដើម្បីអោយប្រជាជនកម្ពុជាបានស្គាល់នូវរសជាតិមួយនេះគ្រប់ៗគ្នា។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ភោជនីដ្ឋាននេះ បានដំណើរការហាងរបស់ខ្លួន នៅបណ្តាទីក្រុងនានានៅតំបន់អាស៊ី ហើយក៏កំពុងបន្តពង្រីក សក្តានុពលរបស់ខ្លួន នៅប្រទេសផ្សេងៗទៀតផងដែរ។ Tim Ho Wan (ធីមហូវ៉ាន់) ត្រូវបានបង្កើតឡើង ដោយចុងភៅ Mak Kwai Pui (ម៉ាកក្វៃពួយ) និងចុងភៅ Leung Fai Keung (លឹង ហ្វៃកឹង) ក្នុងឆ្នាំ២០០៩។

មេចុងភៅទាំងពីរនេះ បានចូលរួមជាមួយគ្នា ដើម្បីបើកភោជនីដ្ឋានដំបូងរបស់ខ្លួន ដែលមានកៅអីចំនួនតែ២០ ប៉ុណ្ណោះ នៅតំបន់ មុង កក ទីក្រុងហុងកុង បន្ទាប់ពីដំណើរការ បានមួយឆ្នាំក្រោយមក ពួកគេទទួលបាន ផ្កាយមួយ ពី Michelin Guide (មីឆេលលីនហ្គាយ)។

មិនត្រឹមតែប៉ុណ្ណោះ ទោះបីជា Tim Ho Wan មានការអោយតំលៃពី Michelin Guide (មីឆេលលីនហ្គាយ) ក៏ដោយ ក៏ភោជនីដ្ឋានមួយនេះ ត្រូវបានគេហៅថា ជាភោជនីដ្ឋាន ដែលនៅតែមានតំលៃសមរម្យបំផុតផងដែរ៕ វឌ្ឍនា


ចែករំលែក៖