ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោដឹកនាំគណប្រតិភូវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណប្រតិភូវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ។

ហ្វេសប៊ុកសម្តេចតេជោបានផ្សាយព្រឹកថ្ងៃទី៩ ខែសីហាថា៖ «នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណប្រតិភូវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកបំពេញ ទស្សនកិច្ចនិងចូលបង្គំគាល់ព្រះរជ្ជទាយាទ Naruhito និង បានជួបប្រជុំកំពូលជាមួយ លោកនាយក រដ្ឋមន្រ្តីជប៉ុន Shinzho Abe ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ។ កម្ពុជានិងជប៉ុនមានទំនាក់ទំនងល្អ នឹងគ្នាជាយូរយារមកហើយ គឺចាប់តាំង ពីឆ្នាំ ១៩៥៣។ចាប់តាំងពីសង្រ្គាមលោកលើកទី២មក ប្រទេសជប៉ុនទើបបានបញ្ជូនកងទ័ពមកបរទេសជាលើកទី១ គឺមកកាន់កម្ពុជាក្នុងបេសកកម្មថែរក្សា សន្តិភាព កាលពីឆ្នាំ ១៩៩២ ដែលគិតមកទល់ពេល នេះគឺមានរយៈពេល ២៥ ឆ្នាំហើយ។

នៅក្នុងកិច្ចប្រជុំកំពូលកាលពីពេលថ្មីៗនេះ គឺប្រទេសយើងទាំងពីរបានចុះអនុស្សារណៈលើឯកសារ សំខាន់ៗចំនួនពីដែលមានទឹកប្រាក់ជាង ២៤៤លានដុល្លារ សម្រាប់អនុវត្តគម្រោងប្រព័ន្ឋការពារទឹកជំនន់ ទីក្រុងភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែក្រុងព្រះសីហុ។ ខ្ញុំក៏បានពិភាក្សាសុំជំនួយពីភាគីជប៉ុន ផងដែរលើគម្រោងអោយមានរថភ្លើងស្វ័យប្រវត្តិ (Sky Train) នៅទីក្រុងភ្នំពេញ។ ជាមួយគ្នានេះដែរ ខ្ញុំក៏បានទៅមើលរោងចក្រកែច្នៃសំរាមរបស់រដ្ឋជប៉ុន ដើម្បីពិនិត្យមើលលទ្ឋភាពក្នុងការដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញដើម្បីកែច្នៃអោយមានប្រយោជន៍យកមកប្រើប្រាស់វិញដូចជប៉ុនកំពុងមានស្រាប់។

នៅម្សិលមិញនេះ ខ្ញុំក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនជប៉ុនជាច្រើនរយនាក់ដែលចាប់អារម្មណ៍ក្នុងការមកវិនិយោគនៅកម្ពុជា។ ដោយសារកម្ពុជាសព្វថ្ងៃមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ជាមួយនឹងការអនុគ្រោះ លើការនិយោគ ទើបទាក់ទាញពាណិជ្ចករ និងវិនិយោគិនជប៉ុនយ៉ាងច្រើន។ ខ្ញុំនិង លោកនាយករដ្ឋមន្រ្តី Abe នឹងបន្តខិតខំជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរអោយកើនឡើងជាង ២,០០០ លានដុល្លារនៅឆ្នាំខាងមុខ។

ខ្ញុំសូមអរគុណ លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលបានអញ្ជើញខ្ញុំមកធ្វើទស្សនកិច្ចនៅជប៉ុន ឆ្នាំនេះ ហើយព្រមទាំងបានសន្យាថានឹងជួយកម្ពុជាអោយក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ខ្ញុំក៏សូមអរគុណលោក Abe ផងដែរដែលបានរៀបចំខួបកំណើត អោយខ្ញុំនៅលើទឹកដីជប៉ុន ដែលបានបង្ហាញនូវការស្រឡាញ់រាប់អានកម្ពុជាដូចជាបងប្អូន ដែលពេលនេះ ប្រទេសយើងទាំងពីរបានក្លាយជាដៃគូយុទ្ឋសាស្រ្តដ៏សំខាន់។ ខ្ញុំសង្ឃឹមថាទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុននឹង នាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ»៕


ចែករំលែក៖