ព័ត៌មានទាន់ហេតុការណ៍៖

ឡាយ លក្ខិណា លេចមុខតែមិនវិលរកការសម្តែង

ចែករំលែក៖

ភ្នំពេញ៖ ជាងទសវត្សរ៍ហើយ ដែលតារាសម្តែង និងចម្រៀងអ្នកនាង ឡាយ លក្ខិណា បានបាត់មុខពីវិស័យសិល្បៈក្រោយលេចចេញរឿងខកស្នេហ៍អាណិកជន។ ថ្មីៗនេះនាងបានបង្ហាញមុខក្នុងព្រឹត្តិការណ៍សិល្បៈមួយ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែសម្រាប់ការវិលមកប្រឡូកក្នុងអាជីពសិល្បៈវិញ នាងគ្មានគម្រោងនៅឡើយ។

ឡាយ លក្ខិណា បានបន្តរស់នៅក្នុងជីវភាពសាមញ្ញ គ្រាដែលសិល្បករល្បីរួមជំនាន់រស់ក្នុងស្ថានភាពខ្ពង់ខ្ពស់។ បង្ហាញមុខក្នុងកម្មវិធីជួបជុំអ្នកសិល្បៈមួយកាលពីថ្មីៗនេះនាងលើកឡើងថា ការបង្ហាញវត្តមានមិនមែនមានន័យថានាងវិលចូលប្រឡូកក្នុងការងារសិល្បៈវិញទេ។

អតីតតារាស្រីសម្រស់បានរូបនេះបន្តថា នាងបង្ហាញវត្តមានគ្រាន់តែចង់ចូលរួមកម្មវិធីនិងកិច្ចការងារសង្គមខ្លះៗប៉ុណ្ណោះ។ នាងទទួលស្គាល់ថាថ្មីៗនេះផលិតកម្មថោនក៏បានទាក់ទងនាងឲ្យវិលរកការសម្តែងក្នុងភាពយន្តភាគរឿង”រៃមាស”ផងដែរ ប៉ុន្តែនាងបដិសេធ។

នាងថា អ្វីដែលធ្វើឲ្យនាងរារែកចិត្ត ព្រោះតែនាងមិនទាន់មានទំនុកចិត្តដោយសារតែខកខានសម្តែងជាយូរមកហើយ ប៉ុន្តែសម្រាប់ថ្ងៃមុខនាងមិនប្រាកដទេថា នឹងវិលរកការសម្តែងវិញដែរឬយ៉ាងណា។ នាងថាការវិលរកសិល្បៈឬចូលរួមកម្មវិធីផ្សេងៗគឺអាស្រ័យលើពេលវេលាព្រោះនាងក៏មានមុខរបរលក់ដូរសម្លៀកបំពាក់ដែរដែលពេលនេះនាងលក់នៅម្តុំទួលគោក ក្រោយពីលក់នៅផ្សារអូឬស្សីអស់ជាច្រើនឆ្នាំនោះ។

ងាកមករឿងរ៉ាវស្នេហាវិញ នាងបញ្ជាក់ថា មិនមានឡើយក្រោយបែកបាក់ស្នេហ៍លើកទីមួយ ។ តារាវ័យ៣៤ឆ្នាំសាច់ចាំរូបនេះបញ្ជាក់ថានឹងរៀបការជាមួយបុរសណាម្នាក់ដែលនាងស្រលាញ់ តាមទំនៀមទម្លាប់ខ្មែរ ។ នាងថាអ្នកណាក៏ចង់បានមនុស្សល្អដែរ ប៉ុន្តែមិនមានមនុស្សល្អឥតខ្ចោះដែរ គឺត្រឹមមនុស្សដែលយល់ចិត្តទៅបានហើយ ប៉ុន្តែនាងនៅមិនទាន់អាចស្វែងរកបុរសណាម្នាក់នៅឡើយ៕ វឌ្ឍនា


ចែករំលែក៖