ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃដោយសារតែការគំរាមវាយប្រហារពីកូរ៉េខាងជើង

ចែករំលែក៖

ការគំរាមរបស់កូរ៉េខាងជើងទៅលើអាមេរិកមានប្រសិទ្ធិភាព​ ដោយធ្វើឲ្យប្រាក់ដុល្លាររបស់អាមេរិកធ្លាក់ថ្លៃ។ នៅថ្ងៃទី​៩ ខែសីហា ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃ បើប្រៀបធៀបនឹងប្រាក់ប្រទេសផ្សេងទៀត ក្នុងនោះមានប្រទេសស្វីសជាដើម ដោយសារតែការប្រឈមមុខតានតឹងរវាងអាមេរិក នឹងកូរ៉េខាងជើង។

ក្រុមអ្នកវិនិយោគ​បាន​នាំគ្នាដាក់ទុនទៅលើប្រាក់ Franc ​របស់ស្វីស និងប្រាក់យេនរបស់ជប៉ុន ព្រមទាំង​មាស ធ្វើឲ្យតម្លៃឡើងថ្លៃ​បន្ទាបពីកូរ៉េខាងជើងគំរាមវាយប្រហារទៅលើទីតាំងរបស់អាមេរិកនៅលើកោះ​ Guam ។

ការប្រកាសរបស់មេដឹកនាំកូរ៉េខាងជើងកើតឡើងក្រោយប៉ុន្មានម៉ោងដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​ប្រកាសព្រមានដល់កូរ៉េខាងជើង មិនត្រូវមានការគំរាមកំហែងផ្សេងណាមួយនោះឡើយទៅលើទឹកដីអាមេរិក​។

ទន្ទឹមនឹងនោះ អាមេរិកក៏បានគំរាមវាយប្រហារកូរ៉េខាងជើងផងដែរ។ កន្លងមកថ្មីៗសារព័ត៌មានអាមេរិកបានផ្សាយថា​ កូរ៉េខាងជើងទទួលបានជោគជ័យក្នុងការពង្រួចក្បាលគ្រាប់បរមាណូ សម្រាប់បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប​។

នៅពេលនេះប្រាក់យ៉េនជប៉ុន ស្វីស​ អង់គ្លេស និងប្រាក់អឺរ៉ុប បានកើនឡើងបន្តិច បើប្រៀបធៀបនឹងប្រាក់អាមេរិកមានការធ្លាក់ចុះ។ ប្រាក់អាមេរិកបានធ្លាក់ថ្លៃជាងប្រាក់ផ្សេងទៀត ០,១ភាគរយ។ តម្លៃមាសបានកើនឡើង​១,៤ភាគរយ​គឺជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល​៣ខែចុងក្រោយនេះ​។

ក្រុមអ្នកជំនួញបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមកើតឡើងរវាងអាមេរិក និងកូរ៉េខាងជើងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ ចំណុចទាំងនោះធ្វើឲ្យតម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ចុះហើយប្រសិនបើប្រទេសទាំង២នៅតែប្រឈមមុខនោះនឹងកាន់តែធ្លាក់ចុះថែមទៀត៕ ម៉ែវ សាធី


ចែករំលែក៖