ព័ត៌មានទាន់ហេតុការណ៍៖

នាងក្រមុំ២នាក់ណាត់គ្នាទៅដើរលេងជាមួយសង្សារក្បែរ១០យប់ ឪពុកម្តាយជ្រួលច្របល់ពេញភូមិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាងក្រមុំ២នាក់បានណាត់គ្នាចេញពីផ្ទះដោយមិនបានប្រាប់ឪពុកម្តាយ ហើយនាំគ្នាទៅដើរលេងជាមួយសង្សារប្រុសរយៈពេលជិត១០យប់ធ្វើឲ្យឪពុកម្តាយជ្រួលច្របល់ពេញភូមិរហូតប្តឹងសមត្ថកិច្ចឲ្យជួយស្វែងរកពួកនាងៗថែមទៀតផង។

បន្ទាប់ពីឪពុកម្តាយបានប្តឹងទៅសមត្ថកិច្ចហើយនោះ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានប្រទះឃើញនាងៗទាំង២នាក់នេះស្ថិតនៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយក៏បាននាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។

នារី២នាក់ដែលធ្វើឲ្យឪពុកម្តាយដេកមិនលក់បក់មិនល្ហើយព្រោះតែការចាកចេញពីផ្ទះគ្មានដំណឹង ម្នាក់ឈ្មោះ សុត ចន្ធី អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ យ៉ែម វាសនា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា សមត្ថកិច្ចបានរកឃើញនារីទាំង២នាក់នេះបន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ស្ត្រី យ៉ែម នូច អាយុ៤៣ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំសង្កែសាទប ជាម្តាយរបស់នារី យ៉ែម វាសនា ដែលបានប្តឹងចូលសមត្ថកិច្ចកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ចោទប្រកាន់ និងសង្ស័យទៅលើនារីឈ្មោះ សុត ចន្ធី ថាបាននាំកូនស្រីរបស់គាត់ផ្ទះបាត់ដោយគ្មានមូលហេតុ។

មន្ត្រីដដែលបានបញ្ជាក់ថា ពេលឃាត់ខ្លួននារីទាំង២នាក់នេះ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមម៉ូតូ ម៉ាកអិមអេសអុិុច ពាក់ស្លាកលេក កំពង់ស្ពឺ 1E-1020 គ្រាដែលពួកគេកំពុងជិះសង្ស័យបន្តការដើរលេង។

នៅចំពោះមុខសមត្ថកិច្ចនារី សុត ចន្ធី និង យ៉ែម វាសនា បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១ ពួកគេទាំង២នាក់បានណាត់គ្នាចេញពីផ្ទះ បំណងទៅដើរលេងជាមួយនឹងសង្សា។ នៅថ្ងៃទី១ ពួកគេបានទៅកម្សាន្តនៅទឹកក្បាលឆាយ ក្នុងភូមិអូររនាំង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមួយនឹងសង្សារប្រុសរបស់ឈ្មោះ សុត ចន្ធី ។ លុះថ្ងៃបន្ទាប់ ពួកគេបានបន្តទៅដើរលេងនៅទឹកធ្លាក់ម្តុំជ្រាវ ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយបានដេកនៅទីនោះចំនួន២យប់។ បន្ទាប់មក ពួកគេបានចេញពីទឹកធ្លាក់ជ្រាវទៅដេកនៅត្រពាំងក្រើញ ដែលជាផ្ទះរបស់សង្សារ សុត ចន្ធី ១យប់ទៀត រហូតដល់ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ និងនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ពួកគេទាំង២នាក់បានជិះម៉ូតូទៅភូមិអូរអង្គំ ឃុំអមលាំង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

មន្ត្រីនគរបាលបានឲ្យដឹងដែរថា ករណីនាងៗនាំគ្នាចេញពីផ្ទះ ហើយត្រូវបានអាណាព្យាបាលប្តឹងឲ្យសមត្ថកិច្ចជួយស្វែងរកនេះ សមត្ថកិច្ចមិនបានចាត់ការតាមផ្លូវច្បាប់តាមបណ្តឹងស្ត្រី យ៉ែម នូច នោះទេ ទោះការចាកចេញពីផ្ទះរបស់ពួកគេទាំង២គឺដោយសារពួកគេព្រមព្រៀង និងស្រុះស្រួលគ្នាប៉ុណ្ណោះ។ តែយ៉ាងណា ករណីនេះសមត្ថកិច្ចបានអប់រំ ណែរនាំដល់នារីទាំង២នាក់ឲ្យបញ្ឈប់ការចាក់ចេញពីផ្ទះសម្បែងដោយមិនមានមូលហេតុ និងប្រាប់ដល់អាណាព្យាបាល ហើយនាំអំពុលដល់ពេលវេលារបស់សមត្ថកិច្ចនោះផង៕ សេនាស័ក្តិ


ចែករំលែក៖