ខេត្តកណ្តាលៈ ស្ត្រីជនជាតិវៀតណាមម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ដោយប្រើប្រាស់រូបភាពជារុញរទះដើរលក់បង្អែម ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច តែត្រូវបានបែកធ្លាយក៏ត្រូវនគរបាលស្រុកពញាឮចាប់ខ្លួនបានរួមជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៦ និង១២នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ង្វៀង ធីសាវ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់បង្អែម បច្ចុប្បន្នស្នាក់នៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ វត្ថុតាងដែលត្រូវបានដកហូតរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ និងទូរស័ព្ទ១គ្រឿង។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចកំណត់ និងតាមដាន ។ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនសង្ស័យរូបនេះធ្វើសកម្មភាពជួញដូរគ្រឿងញៀនដោយប្រើរូបភាពដើរលក់បង្អែមតាមភូមិ ។ បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការរួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីជនជាតិវៀតណាមរូបនេះ បានសារភាពជាភាសារខ្មែរថា ថ្នាំញៀនខាងលើនេះនាងបានទិញពីមេក្លោងនៅម្តុំស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីយកមកធ្វើសកម្មភាពជួញដូរទៅឲ្យអ្នកប្រើប្រាស់៕ ស្អាងជ័យ