ព័ត៌មានទាន់ហេតុការណ៍៖

កម្មករជាង២០០នាក់លើកគ្នាទៅប៉ុស្ដិ៍នគរបាលចោមចៅការពារតំណាងសហជីពម្នាក់ដែលថៅកែប្ដឹងឲ្យចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ តំណាងសហព័ន្ធសហជីពមិត្តភាពកម្ពុជាម្នាក់ ត្រូវ ថៅកែរោងចក្រកាត់ដេរ 《អុីនធើណាស់ស្យូណាល់ រ៉ូយ៉ាល់》ដាក់ពាក្យបណ្ដឹងចូលទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ចោទប្រកាន់ថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រោងចក្រនិងប្រឆាំង ថៅកែរោងចក្រ ហើយត្រូវបាននគរបាលចេញលិខិតហៅឲ្យចូលខ្លួនទៅបំភ្លឺ ដែលជាហេតុធ្វើឲ្យកម្មករកម្មការិនី ជាង១ពាន់នាក់ ដែលបម្រើការងានៅក្នុងអាគារលេខ៣៤,៣៦,និង៤៣ ក្នុងរោងចក្រកាត់ដេរខាងលើមានប្រតិកម្ម។

បន្ទាប់មកពួកគេប្រមាណ២០០ នាក់បានលើកគ្នាទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីតវ៉ាមិនឲ្យនគរបាលចាត់ការលើពាក្យបណ្ដឹង ព្រមទាំងស្នើរសុំឲ្យថៅកែ ដកពាក្យបណ្ដឹងចេញវិញ។

រោងចក្រកាត់ដេរយីហោ 《អុីនធើណាស់ស្យូណាល់ រ៉ូយ៉ាល់》មានទីតាំងស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ កម្មករបានជិះម៉ូតូរ៉ឺម៉កកង់បីជាច្រើនគ្រឿង ទៅកាន់ប៉ុស្ដិ៍ចោមចៅ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ។បន្ទាប់មកបានបន្តទៅកាន់មុខអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានទីតាំងស្ថិតនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការតវ៉ានៅទីនោះទៀតផងដែរ។

នគរបាលបានឲ្យដឹងថា កម្មករកម្មការិនីផ្ទុះការតវ៉ានេះឡើង បណ្ដាលមកពីមូលហេតុមួយគឺ គឺព្រោះតែថៅកែរោងចក្របានដាក់ ពាក្យបណ្ដឹងទៅលើបុរសម្នាក់ឈ្មោះប៊ូ ថេត ដែលជាតំណាងសហព័ន្ធសហជីពមិត្តភាពកម្មករកម្ពុជាឲ្យគរបាលប៉ុស្ដិ៍រដ្ឋបាល ចោមចៅចាត់ការតាមចុបាប់។ ដោយថៅកែបានចោទប្រកាន់ថា តំណាងសហជីពរូបនោះបានចូល ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រោងចក្រនិង ប្រឆាំងថៅកែរោងចក្រផងដែរ ។ចំណែកនគរបាលក្រោយពីទទួលបានពាក្យបណ្ដឹងខាងលើនោះ ក៏បានចេញលិខិតហៅឲ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី១០ ខែសីហា នោះប៉ុន្តែនៅមិនទាន់ដល់ ម៉ោងត្រូវចូលទៅផង ស្រាប់តែក្រុមកម្មករខាងលើ លើកគ្នាទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីធ្វើការតវ៉ាមិនឲ្យនគរបាលចាត់ការលើបណ្ដឹងរបស់ថៅកែ ហើយបានក៏ស្នើរសុំឲ្យថៅកែដកពាក្យបណ្ដឹងវិញជាបន្ទាន់។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីការតវ៉ានៅមុខប៉ុស្ដិ៍ចោមចៅរយៈពេលប្រហែល២០នាទី ពួកគេបានបន្តដំណើរទៅកាន់មុខ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ធ្វើការតវ៉ានៅទីនោះបន្តទៀត។ដោយកម្មករបានទាមទារឲ្យលោកឧត្តមសេនីយ៍ត្រីម្នាក់នៅទីនោះ ដកពាក្យបណ្ដឹង វិញនិងបានចោទប្រកាន់ថាលោកផ្កាយមួយម្នាក់នោះកាងថៅកែរោងចក្រ ហើយក៏ជាអ្នកដឹកនាំក្នុងការដាក់ពាក្យ បណ្ដឹងតំណាង សហជីពខាងលើនោះដែរ។ហើយកម្មករក៏បានអះអាងថា ព្រោះតំណាងសហជីពរូប នេះតែងតែជួយការពារផលប្រយោជន៏កម្មករខ្លាំងណាស់ មានលោកប៊ូ ថេត ជាតំណាងមើលការខុសត្រូវពួកគេមានភាពកក់ក្ដៅ ខ្លាំងណាស់ ព្រោះកន្លងមកថៅកែគាបសង្កត់កម្មករ កេងប្រវ័ញ្ជកម្លាំងកម្មករត្រូវបានតំណាងខាងលើជួយរកយុត្តិធម៌ជូនពួកគេ។

ដូច្នេះការដាក់ពាក្យបណ្ដឹងឲ្យនគរបាលចាត់ការលើលោកប៊ូ ថេត បែបនេះគឺជាចេតនាមួយធ្វើបាបគាត់ ដែលកម្មករទាំងអស់មិន អាចទទួលយកបានឡើយ ទើបមានការតវ៉ាឡើងបែបនេះ ដើម្បីសុំឲ្យនគរបាលកុំចាត់ការទៅលើតំណាងខាងលើ ហើយក៏សុំឲ្យថៅកែដកពាក្យបណ្ដឹងវិញ បើមិនដូច្នេះទេពួកគេមិនព្រមឈប់តវ៉ាឡើយ៕ សុខាសែនជ័យ


ចែករំលែក៖