ខេត្តសៀមរាប៖ ស្ត្រីម្នាក់វ័យកណ្ដាលម្នាក់បានឆក់ខ្សែភ្លើងស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង០៩និង២០នាទី ព្រឹកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។
លោកវរៈសេនីយ៍ទោ ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹង ជនរងគ្រោះឈ្មោះ ឈី ភព ភេទស្រី អាយុ៤៧ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប មុនពេលកើតហេតុជនរងគ្រោះបានរាយខ្សែភ្លើង ដោតម៉ូទ័រ បូមទឹក ហើយពេលប្រមូលមកវិញ ពុំបានដកឌុយភ្លើង ប៉ះចំដំណរខ្សែដែលដាច់រលាត់ ខណៈដៃកំពុងសើមស្រាប់ផងនោះ ក៏បណ្ដាលឲ្យឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកុសល្យវិច័យលើសាកសពជនរងគ្រោះ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ខ្សែភ្លើងឆក់ប្រាកដមែន រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី