ខេត្តបាត់ដំបង៖ ខ្យល់កន្ត្រាក់លាយឡំជាមួយនឹងភ្លៀងផ្គររន្ទះ បានវាយបក់យ៉ាងខ្លាំង ចំស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋសរុប១៤ខ្នង រងការខូចខាត ស្រាល និងធ្ងន់ ផ្ទះខ្លះរបើកដំបូល ផ្ទះមួយចំនួនទៀត ដួលរលំទាំងស្រុង មិនតែប៉ុណ្ណោះមានដើមឈើតូចធំ បានរងការដួលរលំបាក់កាត់ទទឹងថ្នល់ក៏មានផងដែរ ។
ហេតុការណ៍ខ្យល់កន្រ្តាក់នោះកើតឡើង កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ មិនបង្កឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់អ្វីនោះឡើយ ។
សេចក្តីរាយការណ៍ពីលោកអធិការនគរបាលស្រុកគាស់ក្រឡឲ្យដឹងថា ផ្ទះចំនួន១៤ខ្នងខាងលើ ដែលរងការខូចនៅក្នុងចំនួន២ឃុំ គឺឃុំគាស់ក្រឡ និងឃុំព្រះផុស ខូចខាតស្រាល១០ខ្នង ខូចខាតធ្ងន់ដួលទាំងស្រុង៤ខ្នង ។
ខ្យល់កន្ត្រាក់នោះដែរ នាំឲ្យប្រជាពលរដ្ឋចំនួន១៤គ្រួសារប្រឈមបាត់បង់ទីជម្រកស្នាក់នៅបណ្តោះ អាសន្ន កម្លាំងនគរបាលស្រុកគាស់ក្រឡ និងអាវុធហត្ថ រួមនិងអាជ្ញាធរស្រុក ក៏បានចុះទៅអន្តរាគមន៍ជួយរុះរើជួសជុលកសាងផ្ទះប្រជាពលរដ្ឋឡើងវិញ ដើម្បីដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ ផងដែរ៕ សំ វិច្ឆិកា