ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល២ខេត្តបង្រ្កាបឃាត់ខ្លួនក្មេងទំនើង២៤នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ខេត្តបាត់ដំបង-បន្ទាយមានជ័យ៖ នគរបាលខេត្ត២គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យបង្រ្កាបឃាត់ខ្លួនក្មេងទំនើង២៤នាក់ ខេត្តបាត់ដំបងឃា់ខ្លួន២២នាក់ ខេត្តបន្ទាយមានជ័យឃាត់ខ្លួន២នាក់ ។

ក្មេងទំនើង២២នាក់ដើរលេងអុកឡុកបង្កអសន្តិសុខនៅពេលយប់អធ្រាត្រ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច នៅក្នុងក្រុងបាត់ដំបង ហើយជាមុខសញ្ញាវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលក្រុមបង្ការបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការបង្រ្កាបចាប់ឃាត់ខ្លួន ខណៈដែលកងកម្លាំងនគរបាលចេញល្បាតនៅពេលយប់អធ្រាត្រ ពង្រឹងសន្តិសុខនៅក្នុងក្រុងបាត់ដំបង។ក្មេងទំនើង២២នាក់ សមត្ថកិច្ចបានចាប់ធ្វើតេស្ថទឹកនោមរកឃើញក្មេងទំនើង១៨នាក់បានប្រើប្រាស់គ្រឿងញៀន។

ការបង្រ្កាបឃាត់ខ្លួនក្មេងទំនើងខាងលើ កម្លាំងនគរបាលក្រុមបង្ការបង្រ្កាបធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចសួនច្បារសម្តេចក្រឡាហោមស ខេង កណ្តាលក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមការដឹកនាំបង្រ្កាបដោយ លោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមកម្លាំងនគរបាលបង្ការបង្រ្កាប និងលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌ។

លោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមកម្លាំងនគរបាលបង្ការបង្រ្កាបប្រាប់ឲ្យដឹងថា កន្លងមកបញ្ហាក្មេងទំនើងដើរលេងអុកឡុកនៅពេលយប់ពួកគេបានបង្កភាពអនាធិបតេយ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ហើយមិនតែប៉ុណ្ណោះ ក្មេងទំនើងទាំងនោះក៏ធ្លាប់ឈ្លោះវាយចាក់គ្នាទៅវិញទៅមកបង្កឲ្យគូទំនាស់រងរបួសរៀងៗខ្លួនផងដែរ។

លោកប្រាប់ឲ្យដឹងទៀតថា ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងតែដាក់បទបញ្ជាឲ្យមានការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្មេងទំនើងជាច្រើននាក់បានរងការបង្រ្កាបឃាត់ខ្លួនយកមកអប់រំ និងយកទៅអនុវត្តច្បាប់ជាបនបន្តបន្ទាប់ផងដែរ។

ពាក់ព័ន្ធនឹងក្មេងទំនើងនេះផងដែរ នៅខេត្តបន្ទាយមានជ័យឯណោះវិញ ក្មេងទំនើង២នាក់ជិះម៉ូតូ១គ្រឿងអត់ពាក់មួយសុវត្ថិភាព និងគ្មាកញ្ចក់ ត្រូវបានកម្លាំងនគរបាកចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាប់ឃាត់ឆែកឆេរ រកឃើញពួកគេលាក់ទុកដាវសាំម៉ូរ៉ៃ១ដើមដាក់ជាប់ក្នុងខ្លួនដើម្បីទុកបង្ករបួសស្នាមគូទំនាស់និងថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន២កញ្ចប់តូចលាក់ទុកក្នុងកែបម៉ូតូ។

ការឃាត់ខ្លួនក្មេងទំនើង២នាក់ធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ខណៈដែលកម្លាំងនគរបាលចរាចរណ៍ខេត្តកំពុងអុនវត្ត និងត្រួតពិនិតច្បាប់ចរាចរណ៍ ស្ថិតនៅកែងផ្លូវមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្តប្រាប់ឲ្យដឹងថា ជនសង្ស័យក្មេងទំនើង២នាក់ឈ្មោះ១,លី ដាណេ ប្រុស អាយុ១៨ឆ្នាំ២, វី ម៉ុន ភេទប្រុស អាយុ២៣ឆ្នាំ ពួកគេរស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

លោកប្រាប់ឲ្យដឹងទៀតថា ក្មេងទំនើង២នាក់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនបន្ទាប់មកកម្លាំងនគរបាលចរាចរណ៍កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីយកទៅចាត់ការតាមច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖