ភ្នំពេញ៖ ប្រជាពលរដ្ឋ និងសិស្សានុសិស្សមកពីខេត្តព្រៃវែងប្រមាណ ៤០០នាក់បានចូលរួមទស្សនាការចាក់បញ្ចាំងខ្សែភាពយន្តឯកសារមានចំណងជើងថា «បុប្ផាណា សោកនាដកម្មរបស់ស្ត្រីម្នាក់»នៅក្នុងរបបខ្មែរក្រហមនៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៧ នេះ។ នេះគឺជាលើកទី១ដែលសាលាក្តីខ្មែរក្រហមដោយសហការជាមួយមជ្ឈមណ្ឌលសោតទស្សនាបុប្ជាណា បានចាក់បញ្ចាំងខ្សែភាពយន្តនៅក្នុងសាលសវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាខណៈកិច្ចសហការរវាងស្ថាប័នទាំងពីរនេះមានតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ និងបានចុះផ្សព្វផ្សាយអំពីសាលាក្តីខ្មែរក្រហម និងភាពយន្តឯកសារទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋសរុបប្រមាណជិត ៧ម៉ឺននាក់។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃសាលាក្តីខ្មែរក្រហមបានមានប្រសាសន៍នៅ ចំពោះមុខអ្នកចូលរួមថា ៦៥% នៃប្រជាជនកម្ពុជាបច្ចុប្បន្នមានអាយុក្រោម ៣៥ ឆ្នាំ។ ការចងចាំរបស់យុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យគឺពិតជាមានសារៈសំខាន់ណាស់។ លោកបន្តថាការជំនុំជម្រះក្តីដែលធ្វើឡើងនៅចំពោះដើម្បីផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះកម្ពុជា។ ការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម មិនមែនសម្រាប់តែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ជាមួយគ្នានេះ លោកក្រាញ់ តូនី បានគូសបញ្ជាក់ថា ការចងចាំគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាជន ព្រោះសង្គមមួយមិនអាចដើរទៅមុខបានល្អទេ បើយើងមិនបានជម្រះនូវប្រវត្តិសាស្ត្រឱ្យបានល្អ។ យើងត្រូវបើកទំព័រដើម្បីសិក្សាពីប្រវត្តិសាស្ត្រ ស្វែងរកការពិតនៃសោកនាដកម្មដែលបានកើតឡើងដើម្បីដឹងថា តើនរណាជាជនដៃដល់ និងនរណាជាជនរងគ្រោះ។ លោក បានគូសបញ្ជាក់ថា ការទស្សនាខ្សែភាពយន្ត គឺដើម្បីការចងចាំ ព្រោះមនុស្សម្នាក់ៗមានកាតព្វកិច្ចនៃការចងចាំ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនូវសោកនាដកម្ម និងឧក្រិដ្ឋកម្មមកលើប្រទេសកម្ពុជាដូចរបបខ្មែរក្រហមសាជាថ្មី។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា ក៏បានឱ្យដឹងផងដែរថា សាលាក្តីខ្មែរក្រហម នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណានាំយកនូវខ្សែភាពយន្តឯកសារផ្សេងៗទៀតដើម្បីចាក់បញ្ចាំងជូនសាធារណជនឱ្យបានទស្សនារឿងរ៉ាវប្រវត្តិសាស្ត្រពិតក្នុងរបបខ្មែរក្រហម។ លោកបានសង្កត់ធ្ងន់ថារឿងរ៉ាវដែលបានចងក្រងក្នុងខ្សែភាពយន្តគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការចង ចាំ និងការយល់ដឹងរបស់សាធារណជនជាពិសេសយុវជនលើប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ត្រដែលជាអត្តសញ្ញាណមួយរបស់ជាតិដែលពលរដ្ឋគ្រប់រូបគួរស្វែងយល់ឱ្យបានច្បាស់។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលបានទស្សនាខ្សែភាពយន្ត«បុប្ផាណា សោកនាដកម្មរបស់ស្ត្រីម្នាក់» បានបង្ហាញនូវភាព ក្រៀមក្រំ ខ្លះបង្ហូរទឹកភ្នែកដោយសារតែរឿងរ៉ាវរបស់ស្ត្រីឈ្មោះបុប្ផាណានេះបង្ហាញពីការនិរាសព្រាត់ប្រាស់ ក្រុមគ្រួសារ និងត្រូវបានគេចាប់ខ្លួនបញ្ជូនមកឃុំនៅមន្ទីរសន្តិសុខ ស-២១ និងបានសរសេរចម្លើយសារភាពជិតមួយពាន់ទំព័រ។ រឿងរ៉ាវរបស់បុប្ផាណាគឺជាការបង្ហាញពីការសម្លាប់របស់ខ្មែរក្រហមមកលើ បញ្ញាវន្តខ្មែរនៅក្នុងរបបខ្មែរក្រហម និងបង្ហាញពីភក្តីភាពរបស់ស្ត្រីខ្មែរចំពោះស្វាមី។ ក្រោយទស្សនាខ្សែភាពយន្ត និងការស្តាប់ការលើឡើងពីការវិវឌ្ឍថ្មីៗនៃសាលាក្តីខ្មែរក្រហម ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានបន្តដំណើរទស្សនកិច្ចទៅកាន់អតីតគុកទួលស្លែង និងបឹងជើងឯកដែលបានពិពណ៌នានៅក្នុងខ្សែភាពយន្តនេះដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀតពីសោកនាដកម្មនៃការស្លាប់មនុស្សជាច្រើននៅអំឡុងពេលនៃរបបខ្មែរក្រហម៕