ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១០ ខែសីហា បានបន្តគំរាម កំហែងដល់កូរ៉េខាងជើងក្រោយពេលទី ក្រុងព្យុងយ៉ាងបានប្រកាសពីគម្រោងវាយប្រហារទៅលើកោះ Guam របស់អាមេរិក។ លោក ត្រាំ បញ្ជាក់ថា កូរ៉េខាងជើង នឹង ទទួលរងនូវលទ្ធផលអាក្រក់បំផុតមិនធ្លាប់មាន។
សារព័ត៌មានរ៉យទ័របានផ្សាយថា លោក ត្រាំ បានបន្តថ្កោលទោសទៅលើមេដឹកនាំកូរ៉េខាងជើង។ លោក ត្រាំ បញ្ជាក់ថា«វា មើលងាយប្រទេសជាតិយើង វានិយាយ អាក្រក់ដាក់យើង»។ លោក ត្រាំ បន្តទៀត ថា លោកបានដឹងពីគម្រោងវាយប្រហារ របស់ទីក្រុងព្យុងយ៉ាងទៅលើកោះ Guam របស់អាមេរិក ហើយលោក ត្រាំ បានឌឺដង ថា«ទុកមើលវា(គីម ជុងអ៊ុន)នឹងធ្វើអ្វីទៅ លើកោះ Guam» របស់អាមេរិក។
លោក ត្រាំ បន្តទៀតថា«ប្រសិនបើវាធ្វើអ្វីមួយលើកោះ Guam នឹងមានអ្វីកើតឡើងបន្ទាប់មកទៅលើទឹកដីកូរ៉េខាងជើងគឺជាព្យុះភ្លើងមិនធ្លាប់មានពីមុនមក»។
លោក ត្រាំ បញ្ជាក់ទៀតថា«ទាំងនោះមិនមែនជាការគំរាមកំហែងឡើយ គឺជាការ ប្រកាស»។ មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន មិនអាចគំរាមកំហែងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានឡើយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេររិក លោក Jim Mattis បានបញ្ជាក់ផងដែរថា នៅពេលនេះអាមេរិករក្សាការអត់ធ្មត់ ដោយកិច្ចពិភាក្សាតាមរយៈកិច្ចការបរ ទេសនៅមានប្រសិទ្ធភាព។ ប៉ុន្តែលោកក៏ បានព្រមានថា ការធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងគឺជាសោកនាដកម្ម។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក James Mattis បានព្រមានកូរ៉េខាង ជើងថា ត្រូវបញ្ឈប់មហិច្ឆតាអាវុធនុយក្លេអ៊ែរ ឬក៏ត្រូវប្រឈមមុខនឹងការបញ្ចប់របប រដ្ឋាភិបាល និងបំផ្លាញប្រជាពលរដ្ឋរបស់ ខ្លួន។
យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោក Mattis បានមានប្រសាសន៍ថា មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន គួរតែយកចិត្ត ទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍ក្រុម ប្រឹក្សាសន្តិសុខយូអិន និងត្រូវតែជ្រើសរើស ឈប់ធ្វើខ្លួនឯងឲ្យឯកោ និងមានគោល ជំហរដកថយ ចំពោះមហិច្ឆតាអាវុធនុយក្លេអ៊ែរបស់ខ្លួន ព្រមទាំងឈប់គិតដល់ត ទៅទៀត ចំពោះសកម្មភាពដែលនឹងនាំ របបរដ្ឋាភិបាលខ្លួនឲ្យដល់ទីបញ្ចប់ និង បំផ្លិចបំផ្លាញប្រជាជនខ្លួនឯងផងដែរ។
អ្នកសារព័ត៌មានបានសួរថា តើអាមេរិកអាចនឹងវាយប្រហារទៅលើទីតាំងបរមាណូ និងមីស៊ីលរបស់កូរ៉េខាងជើងដើម្បីបញ្ចប់ការគំរាមកំហែងទៅលើអាមេរិកដែរឬទេ? ប្រធានាធិបតីអាមេរិកបញ្ជាក់ថា«យើងរង់ចាំមើលតើមានអ្វីកើតឡើង?»។
កន្លងមកកូរ៉េខាងជើងបានឡើងគម្រោង វាយប្រហារកោះ Guam ដោយមីស៊ីល ៤ដើមប្រភេទ Hwasong-12 នៅពាក់ កណ្តាលខែសីហានេះ។ គម្រោងវាយ ប្រហារនៅបានបញ្ជូនទៅកាន់មេដឹកនាំ គីម ជុងអ៊ុន ដើម្បីសម្រេច។
កន្លងមកអតីតមេទ័ពអាមេរិកចូលនិវត្តន៍ លោក TomMcInerney បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចកម្ទេចកូរ៉េខាងជើងក្នុងរយៈពេលតែ១៥នាទីប៉ុណ្ណោះ។
សារព័ត៌មាន Business Insider បាន ដកស្រង់សម្តីអតីតមន្ត្រីទាហានអាកាសអាមេរិក Tom McInerney បានបញ្ជាក់ កាលពីថ្ងៃទី៨ ខែសីហាថា អាមេរិក នឹង លុបកូរ៉េខាងជើងចេញពីផែនទីក្នុងរយៈដ៏ខ្លីបំផុត។ លោកបន្តទៀតថា ក្នុងករណី ដែលកូរ៉េខាងជើងបើកការវាយប្រហារ អាមេរិក ឬកូរ៉េខាងត្បូងនោះ ទីក្រុងវ៉ាស៊ីនតោននឹងត្រូវកម្ទេចកូរ៉េខាងជើងក្នុងរយៈពេល១៥នាទី មិនឲ្យតដៃរួចឡើយ។
តាមសារព័ត៌មានខាងលើកម្លាំងទាហាន អាមេរិកបានត្រៀមលក្ខណៈរួចរាល់សម្រាប់ ការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើទីតាំងសំខាន់ៗរបស់កូរ៉េខាងជើងគ្រប់ពេលវេលា។ នៅពេលវាយប្រហារយន្តហោះទម្លាក់គ្រាប់អាមេរិកនឹងទៅដល់ទឹកដីកូរ៉េខាងជើងក្នុងរយៈពេលខ្លីបំផុត៕ ម៉ែវ សាធី