ភ្នំពេញ៖ អតីតចាងហ្វាងកាសែតផ្កាយព្រឹក ដែលជាម្ចាស់បណ្តឹងប្រឆាំង លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចូលបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចហើយ ។
មន្ត្រីតុលាការ ថ្លែងថា រហូតមកទល់ពេលនេះ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់កោះហៅលោក ខឹម វាសនា ក្នុងនាមជាជនសង្ស័យចូលបំភ្លឺនៅឡើយទេ ។
លោក សុច សឿង អតីតចាងហ្វាងកាសែតផ្កាយព្រឹក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានដាក់ពាក្យប្តឹង លោក ខឹម វាសនា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ប្រធានគណបក្សមួយនេះថា បានជេរប្រមាថម្ដងហើយម្ដងទៀតមកលើពូជសាសន៍ជាតិខ្មែរ។
នៅក្នុងពាក្យបណ្តឹង លោក សុច សឿង បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅក្នុងវេទិកាជួបជុំមួយ លោក ខឹម វាសនា បានជេរប្រមាថ មើលងាយពូជសាសន៍ខ្មែរ ដែលលោក យល់ថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោកក្នុងនាមពលរដ្ឋខ្មែរមួយរូប ក៏ដូចជាប្រទេសជាតិខ្មែរទាំងមូល។
ត្រង់ចំណុចនេះ លោក សុច សឿង បានស្នើដល់តុលាការផ្ដន្ទាទោស លោក វាសនា តាមផ្លូវច្បាប់ និងត្រូវឲ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សុំទោសជាសាធារណៈ៕ចេស្តា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច