សារព័ត៌មាន Zee News កាលពីថ្ងៃទី ១០ ខែសីហា បានផ្សាយថា កម្លាំងទាហាន ជើងគោកឥណ្ឌាបានចេញបញ្ជាឲ្យជម្លៀសពលរដ្ឋមួយភូមិនៅជិតព្រំដែនត្រីកោណ រវាងឥណ្ឌាចិន នឹងប៊ូតាន។
កម្លាំងទាហានឥណ្ឌាបានស្នើដល់ពលរដ្ឋរស់នៅក្នុងភូមិ Nathang ត្រូវភៀសខ្លួន ជាបន្ទាន់។ នៅពេលនេះគេមិនទាន់ដឹងថា ការជម្លៀសពលរដ្ឋរបស់កម្លាំងទាហាន ឥណ្ឌាដើម្បីយកទីតាំងសម្រាប់ទាហាន រាប់ពាន់នាក់របស់ឥណ្ឌាឈរជើងនៅទីនោះ ឬយ៉ាងណានោះទេ។
នេះជាវិធីសាស្ត្រការពាររបស់កម្លាំង ទាហានឥណ្ឌា ដើម្បីបញ្ចៀសការស្លាប់ និងរបួសដល់ពលរដ្ឋពេលប៉ះទង្គិចគ្នាកើតឡើងរវាងឥណ្ឌា នឹងចិននៅតាមព្រំដែន ដែលមានវិវាទ។
សកម្មភាពខាងលើរបស់ឥណ្ឌា មានសារសំខាន់យ៉ាងខ្លាំងក្រោយពេលដែលសារព័ត៌មានចិនបានព្រមានថា សង្គ្រាម នៅតាមព្រំដែនរវាងឥណ្ឌា នឹងចិនបាន ចូលមកកៀកហើយ។ ឥណ្ឌាត្រូវតែយល់ពី ហេតុការណ៍ខាងលើ ហើយដកទាហាន ចេញពីតំបន់ព្រំដែន។ នៅពេលនេះដែរ ចិនបានដាក់ទាហានបន្ថែមជាច្រើននៅ តាមតំបន់ព្រំដែនដើម្បីការពារដែនអធិបតេយ្យនៅទីនោះ។
កាលពីសប្តាហ៍កន្លងមកចិន និងឥណ្ឌា បានជួបពិភាក្សាគ្នាជាច្រើនលើកចាប់តាំងពីវិវាទនៅតាមព្រំដែនផ្ទុះឡើងជាងមួយខែកន្លងមក។ នៅក្នុងជំនួបនោះ ភាគីទាំង២មិនមានសញ្ញាណាមួយដើម្បីបញ្ចប់សភាព ការណ៍តានតឹងនោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីការពារ ជាតិចិនបានព្រមានដល់ ប្រទេសឥណ្ឌា ហើយបញ្ជូនទាហាន និងអាវុធបន្ថែមទៀតទៅកាន់តំបន់ជាប់ព្រំដែនដែលមានវិវាទ ដោយបានប្តេជ្ញាការពារព្រំដែនមិនរាថយឡើយ។
ក្រុមអ្នកវិភាគបានលើកឡើងថា ស្ថានភាពប្រែប្រួលដែលមានលក្ខណៈយុទ្ធ សាស្ត្រ បានបង្ហាញពីការប្រឈមមុខ ដាក់គ្នាមិនព្រមរាថយរបស់ប្រទេសមហា អំណាចទាំង២៕ ម៉ែវ សាធី