ភ្នំពេញ៖ ឪពុកម្តាយក្មេងប្រុសអាយុជាង១៤ឆ្នាំ ដែលគំរាមទារប្រាក់តាមហ្វេសប៊ុកពីលោក ណាំ ភិរុណ អង្គរក្សផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើលិខិតថ្លែងអំណរគុណចំពោះលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលដោះលែងក្មេងប្រុសឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១១ ខែសីហា និង អរគុណចំពោះដើមបណ្ដឹង ដែលមានចិត្តសណ្តោសប្រណី មិនប្រកាន់ទោសពៃរ៍លើក្មេងប្រុសដែលមិនចេះគិតពិចារណាវែងឆ្ងាយ ហើយបានប្រព្រឹត្តអំពើមិនគប្បីនេះ ។
គួររំលឹកថា ក្មេងប្រុសអាយុជាង១៤ឆ្នាំម្នាក់ ដែលប្រើ Facebook ជំរិតទារប្រាក់ពីលោកឧត្ដមសេនីយ៍ទោ ណាំ ភិរុណ អង្គរក្សផ្ទាល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
លោក លី កុសល មេធាវីការពារក្ដីក្មេងប្រុសឈ្មោះ សៀក ជីមី ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន ថា ក្មេងប្រុសរូបនេះ ត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «កំហែងយក» តាមមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនក្មេងប្រុសរូបនេះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
មុនពេលតុលាការសម្រេចឃុំខ្លួននេះ អាណាព្យាបាលរបស់កុមារា សៀក ជីមី គឺលោក កែ ចាន់សុខ អាយុ៤១ឆ្នាំ ត្រូវជាឪពុក អ្នកស្រី សួន សុផា ត្រូវជាម្តាយ បានតក់ស្លុតជាខ្លាំងចំពោះហេតុការណ៍នេះ ហើយបានប្រញាប់ប្រញាល់ ចេញមុខសុំការអភ័យទោស និងក្តីមេត្តាធម៌ ដោយសណ្តោសប្រណី ពីលោកឧត្តមសេនីយ៍ ណាំ ភិរុណ តាមរយៈការសសេរលិខិតសុំអភ័យទោស ត្រាប្រណី ដោយក្តីករុណា ។
សូមបញ្ជាក់ថា លោក ណាំ ភិរុណ ជាអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ដែលគេតែងបានឃើញរូបលោកនិងក្រុមអង្គរក្ស ដើរការពារជាប់ជានិច្ច រាល់ពេលនាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញចូលរួមកម្មវិធីផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ត្រូវបានជនអនាមិកប្រើ Facebook ជំរិតទារប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ព្រមទាំងគំរាមបញ្ឈប់ការងារ និងចាប់កូនស្រីរបស់លោកថែមទៀតផង ។
លោក ណាំ ភិរុណ ជាឧត្តមសេនីយ៍ទោ បានបង្ហោះនៅលើទំព័រ Facebook របស់លោកផ្ទាល់ឲ្យដឹងថា ជនដែលផ្ញើសារគំរាមជំរិតទារប្រាក់ និងគំរាមពីសុវត្ថិភាពរបស់ក្រុមគ្រួសាររបស់លោកនេះ ប្រើគណនី Facebook មួយឈ្មោះ «ស៊ីន សារ៉េត» គណនីមួយទៀត «SOK KHON» និងគណនី Facebook «កម្ពុជាកម្ពុជា»។ លោក ណាំ ភិរុណ បានរៀបរាប់បន្តថា ជនដែលយកគណនីខាងលើទាំងនេះមកជំរិតទារប្រាក់ពីរូបលោកម្តង ៥,០០០ដុល្លារ និងម្តងទៀត ១ម៉ឺនដុល្លារ ។
ជនដែលជំរិតទារប្រាក់បានគំរាមថា ប្រសិនបើលោក ណាំ ភិរុណ មិនប្រគល់ប្រាក់ឲ្យគេទេ គេនឹងរកវិធីដើម្បីបំបែកបំបាក់ និងញុះញង់មិនឲ្យមានការទុកចិត្តគ្នា នៅក្នុងកងអង្គរក្ស ហើយថែមទាំងគំរាមយកឈ្មោះថ្នាក់ដឹកនាំកំពូលមួយ ទៅបញ្ឈប់ការងាររបស់លោកថែមទៀតផង ។ មិនត្រឹមតែគំរាមជំរិតទារប្រាក់ប៉ុណ្ណោះទេ ជនអនាមិក ថែមទាំងបានគំរាមធ្វើបាបកូនស្រី និងក្រុមគ្រួសាររបស់លោកថែមទៀតផង៕ ចេស្តា