ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៣នាក់ក្នុងចំណោមជាង២០០នាក់ តវ៉ារឿងក្រុមហ៊ុន ឡេង ជីង បូមខ្សាច់បាក់ច្រាំងនិងផ្ទះធ្លាក់ចូលទន្លេបាសាក់ ត្រូវព្រះរាជអាជ្ញាខេត្តកណ្ដាល កោះហៅចូលបំភ្លឺ

ចែករំលែក៖

ខេត្តកណ្ដាល៖ ពលរដ្ឋ៣នាក់ក្នុងចំណោមជាង២០០នាក់ ដែលតវ៉ាទាមទារឲ្យក្រុមហ៊ុន ឡេង ជីង បញ្ឈប់ការបូមខ្សាច់លុបបឹងយកទៅសង់ផ្ទះល្វែងសម្រាប់លក់ឲ្យមន្ត្រីរាជការ បន្ទាប់ពីមានការបាក់ច្រាំងនិងផ្ទះពលរដ្ឋធ្លាក់ចូលទន្លេបាសាក់នៅក្នុងស្រុកស្អាង នោះ ឥឡូវនេះ ត្រូវបានលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល កោះហៅចូលបំភ្លឺជាបន្តបន្ទាប់ ។

ប្រភពព័ត៌មានមួយ បញ្ជាក់ថា លោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានកោះហៅលោកស្រី មុត ប៉ុម និងលោកស្រី លី លាភ ចូលបំភ្លឺនៅថ្ងៃទី២៤ ខែសីហា ។ ចំណែកលោក ហែម ហឿន នឹងត្រូវចូលបំភ្លឺនៅថ្ងៃទី២៥ ខែសីហា។

ការកោះហៅនេះ ធ្វើឡើងតាមបណ្តឹងរបស់លោកស្រី វណ្ណគឹមផា ដោយចោទប្រកាន់ពលរដ្ឋទាំង៣នាក់ថា ” បានប្រព្រឹត្តអំពើហិង្សានិងធ្វើឲ្យខូចខាតដោយចេតនាដល់ការវិនិយោគ “។

ពលរដ្ឋម្នាក់ក្នុងចំណោម៣នាក់ គឺ លោកស្រី លី លាភ បញ្ជាក់ថា លោកស្រីមិនបានប្រព្រឹត្តិដូចការចោទប្រកាន់នោះទេ។ លោកស្រី ថា ” ការជួបជុំគ្នាតវ៉ានេះគឺគ្រាន់តែចង់ឲ្យក្រុមហ៊ុននិងអាជ្ញាធរបកស្រាយចំពោះសកម្មភាពរបស់ក្រុមហ៊ុនបូមខ្សាច់ ដលយពលរដ្ឋមើលឃើញថា បានល្មើសនឹងកិច្ចសន្យាដែលធ្លាប់ព្រមព្រៀងគ្នាកន្លងមកប៉ុណ្ណោះ ” ។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ប្រជាពលរដ្ឋប្រមាណជាង ២០០ នាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ា ដើម្បីទាមទារឲ្យបញ្ឈប់សកម្មភាពបូមខ្សាច់លុបបឹងយកទៅសង់ផ្ទះល្វែងសម្រាប់លក់ឲ្យមន្ត្រីរាជការ បន្ទាប់ពីមានការបាក់ច្រាំង និងផ្ទះពលរដ្ឋធ្លាក់ចូលទន្លេបាសាក់នៅក្នុងស្រុកស្អាង។

បន្ទាប់ពីតវ៉ាក្នុងទ្រង់ទ្រាយតូចមិនទទួលបានលទ្ធផលនោះពលរដ្ឋនៅតាមដងទន្លេបាសាក់បានតវ៉ាក្នុងទ្រង់ទ្រាយធំនៅកន្លែងបាក់ច្រាំង និងផ្ទះពលរដ្ឋស្ថិតក្នុងភូមិកោះគ ឃុំរកាខ្ពស់ដើម្បីទាមទារឲ្យបញ្ឈប់សកម្មភាពបូមខ្សាច់នៅទីនោះ និងស្នើឲ្យក្រសួងរ៉ែ និងថាមពលឈប់ចេញអាជ្ញាប័ណ្ណបូមខ្សាច់ឲ្យក្រុមហ៊ុនបន្តទៀត ៕ ចេស្តា


ចែករំលែក៖