ខេត្តកណ្តាលៈ នារីវ័យក្មេងម្នាក់កំពុងអង្គុយលេងនៅខាងមុខផ្ទះលក់ចាប់ហួយមួយកន្លែង ត្រូវបានគូទំនាស់លើគ្នា២នាក់បងប្អូនមកតាមរករឿងឈ្លោះ និងចាក់ប្រហារដោយកាំបិត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំ ត្រង់ចំណុចខាងមុខផ្ទះឈ្មោះ ប្រុញ ភាព ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ក្រោយពីមានហេតុការណ៍កើតឡើងនារីដៃដល់២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមច្បាប់ រីឯនារីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ រស់ ធីតា ហៅស្រីធំ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុគុយទាវ ទី២-ឈ្មោះ រស់ រ៉ានី ហៅស្រីតូច ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុគុយទាវ ។ ជនសង្ស័យទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។ ចំណែកឯនារីរងគ្រោះឈ្មោះ ឌី ស្រីណា អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រក្ដារបន្ទះ (រងរបួសលើភ្លៅខាងស្តាំដេរចំនួន០៣ថ្នេរ) មានទីលំនៅភូមិព្រែកថ្មី ឃុំព្រកអញ្ចាញ ស្រុកមុខកំពូល ។
ប្រភពដដែលបានបន្តថា កន្លងមកក្រុមគ្រួសារនារីរងគ្រោះ និងក្រុមគ្រួសារជនសង្ស័យឧស្សាហ៏មានទំណាស់ពាក្យសំដីគ្នា ។ លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យទាំង២នាក់បងប្អូនជិះកង់ឌុបគ្នាក្នុងគោលបំណងទៅផ្សារ ខណៈនោះក៏បានជួបនឹងនារីរងគ្រោះកំពុងអង្គុយលេងនៅខាងមុខតូបលក់ចាប់ហួយរបស់ឈ្មោះ ប្រុញ ភាព ។ ដោយសារតែធ្លាប់មានទំនាស់ និងគ្នាក្រុមជនសង្ស័យ២នាក់បងប្អូនបាននិយាយដៀមដាមដាក់នារីរងគ្រោះ ភ្លាមនោះនារីរងគ្រោះក៏បានតបតវិញ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានការតបតពីនារីរងគ្រោះក្រុមជនសង្ស័យបានជិះកង់ឌុបគ្នាត្រឡប់ទៅកាន់លំនៅឋានវិញ យកកាំបិតចុងស្រួច និងកាំបិតប៉័ងតោ មកធ្វើសកម្មភាពចាក់ និងកាប់ប្រហារទៅលើនារីរងគ្រោះ បណ្តាលឲ្យរងរបួស ទើបមានអ្នកជិតខាងចាប់បំពេកចេញពីគ្នា និងប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ