ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីសិស្សសាលារត់លេងរអិលដួលបំពង់កបុកជាមួយជ្រុងបង់ថ្មស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកណ្តាលៈ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់រៀននៅសាលាបឋមសិក្សាជង្រុក បានរត់លេងនៅពេល​ចេញ​​លេង បណ្តាលឲ្យរអិលជើងដួលបំពង់កទៅបុកជាមួយជ្រុងបង់ថ្មស្លាប់ ពេលបញ្ជូលទៅ​សង្រ្គោះនៅមន្ទីរពេទ្យ ។ ករណីនេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង១៣នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបរិវេណសាលាបឋមសិក្សាជង្រុក ស្ថិតក្នុងភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឡុញ ស្រីវេត អាយុ១៣ឆ្នាំ ជនជាតិខ្មែរ រៀនថ្នាក់ទី៥(ខ)នៅសាលាបឋមសិក្សាជង្រុក មានទីលំនៅភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមការបំភ្លឺពីឈ្មោះ ឆន អង្គារណារា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀនៅសាលាបឋមសិក្សាជង្រុក មានទីលំនៅភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ថា នៅម៉ោង៨ និង៣០នាទី នាយកសាលាបានវាយជួងឲ្យកូនសិស្សចេញលេង ។ លុះមួយសន្ទុះក្រោយមកស្រាប់តែមានកូនសិស្សរត់មកប្រាប់គាត់ថា ឈ្មោះ ឡុញ ស្រីវេត បានរត់រអិលជើងដួលបុកជាមួយជ្រុងបង់ថ្មចំបំពងក ។ សាក្សីបានបន្តថា ភ្លាមនោះគាត់រត់ទៅលើកក្មេងស្រីរងគ្រោះស្ទាបទៅនៅដង្ហើមតិចៗ ក៏ស្រែកហៅលោកគ្រូអ្នកគ្រូនៅក្នុងសាលាឲ្យមកជួយយកក្មេងស្រីរងគ្រោះដាក់លើឡានដឹកយកទៅពេទ្យគ្លីនីចឯកជនជនសំអាត នៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល តែជាអកុសលពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ក្មេងស្រីរងគ្រោះ​បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

សពក្មេងស្រីរងគ្រោះត្រូវបានលោកគ្រូ-អ្នកគ្រូ និងក្រុមគ្រួសារដឹកទៅកាន់លំនៅឋាន​វិញ ដើម្បីចាត់ចែងធ្វើបុណ្តរាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖