ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សស្រីប្រុសចំនួន ៣នាក់ បានរងរបួស និងរងការខូចខាតរថយន្តចំនួន ៣គ្រឿងផងដែរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍សាហាវមួយ រវាងរថយន្តបុករថយន្តផ្ទប់គ្នាជាបន្តបន្ទាប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ហេតុការណ៍ខាងលើបានបង្កឡើងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៧.១៤៨ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យថា អ្នកបើកបររថយន្តម៉ាក តូយូតា កាមរី គូថស្វិត ចង្កូតឆ្វេង ពណ៏ស ពាក់ស្លាកលេខ ក 8226 ឈ្មោះ ឈឹម សឹុង ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិគីឡូលេខ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចកើតហេតុបានឡើងជើងរថយន្តខាងមុខ ខណៈនោះក៍ជ្រុលចង្កូតទៅកៀររថយន្តម៉ាក ឡិចស៊ីស ឡិចស៊ីស អរអិច ៣០០ ចង្កូតឆ្វេង ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K 2086 បើកបរដោយឈ្មោះ ហាក់ បូរិន ភេទប្រុស អាយុ ៤៥ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិត្រកួន ឃុំប្រឡាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ខណៈកំពុងធ្វើដំណើរបញ្រាស់ទិសគ្នាពី(លិចឆ្ពោះទៅទិសខាងកើត) បណ្ដាលឲ្យបែកកង់ឆ្វេងផ្នែកខាងក្រោយទើបរេចង្កូតទៅឆ្វេងដៃ នៅគ្រានោះស្រាប់តែមានរថយន្ត ១គ្រឿងទៀតម៉ាក ហ្វត ចង្កូតឆ្វេង ពណ៏ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AL 8394 បើកបរដោយឈ្មោះ យឹម សារឿមភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិពពាលខែ ឃុំព្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានមកបុកចំពីចំហាងខាងស្ដាំ បណ្ដាលឲ្យរងការខូចខាតរថយន្តចំនួន ៣គ្រឿង និងរងរបួសមនុស្សស្រីប្រុសចំនួន ៣នាក់ផងដែរ។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបន្តថា ជនរងរបួសទាំងចំនួន ៣នាក់ខាងភាគ្គីរថយន្តម៉ាក ឡិចស៊ីស ទី១ ឈ្មោះ ពៅ សុភាព ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ពៅ ស្រីមុំ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ ហាក់ សុវណ្ណារាជ ភេទប្រុស អាយុ ៦ឆ្នាំ ជនជាតិខ្មែរ(ស្រាល)។
លោក វរសេនីយ៍ត្រី អធិការនគរបាលស្រុកក្រគរបន្តទៀតថា ជនរងរបួសទាំងចំនួន ៣នាក់ ខាងភាគ្គីរថយន្តម៉ាក ឡិចស៊ីស បានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្តរងការខូចខាតទាំងចំនួន ៣គ្រឿង សមត្តកិច្ចនគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ យកទៅរក្សាទុកជាបណ្ដោះអាសន្នរងចាំធ្វើការវាសវែង និងរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយតាមនីតិវិធី៕ ប៉ឹម ពិន