ភ្នំពេញៈ ហេតុការណ៍ជម្លោះ រវាងបុរសស្លៀកពាក់ស៊ីវិលម្នាក់ ដែលអះអាងថា ជាសមត្ថកិច្ចបានឈ្លោះជាមួយម្ចាស់បើកហ្គេមមួយកន្លែង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រហូតផ្ទុះអាវុធមួយគ្រាប់បណ្តាលឲ្យត្រូវស្ត្រីម្នាក់មានទម្ងន់(មានគភ៌)រងរបួសជាទម្ងន់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង (ទំនប់៧០) ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បុរសរងគ្រោះ ជាម្ចាស់ទូរហ្គេមឈ្មោះ សាំង ណារិទ្ធ អាយុ៣៧ឆ្នាំ រៀបរាប់ថា មានបុរសម្នាក់ ស្លៀកពាក់ស៊ីវិលអះអាថា ជាមន្ត្រីសមត្ថកិច្ច ដែលតែងតែមកគំរាមទារលុយពីកន្លែងរបស់គាត់(ដាក់ហ្គេម)ជារៀងរាល់ថ្ងៃនោះ នៅថ្ងៃកើតហេតុមិនដឹងរូបគេមកពីណាទេ បានមកស្រែកជេរគាត់(ម្ចាស់ទូរហ្គេម)ឲ្យចេញមកក្រៅ។ ប៉ុន្តែគាត់មិនចង់មានរឿង ក៏ដើរចូលក្នុងកន្លែងហ្គេមវិញ ទើបត្រូវបុរសរូបនោះ យកដងអំបោសវាយលើក្បាលគាត់ បណ្ដាលឲ្យមានការប្រតាយប្រតប់គ្នា រហូតបុរសស្លៀកពាក់ស៊ីវិល អះអាងខ្លួនថា ជាសមត្ថកិច្ចនោះ ដកកាំភ្លើងម៉ាក K59 បាញ់មួយគ្រាប់តម្រង់ក្បាលរបស់គាត់ តែបែរជាផ្លាតត្រូវស្ត្រីពពោះធំ ដែលឈរមើលក្បែរកន្លែងកើតហេតុ បណ្ដាលឲ្យរងរបួសធ្ងន់។
បុរសរងគ្រោះបន្តថា ដោយឃើញសភាពការណ៍នេះ គាត់បានស្ទុះទៅទាញយកកាំភ្លើងពីបុរសស្លៀកពាក់ស៊ីវិល (មិនស្គាល់អត្តសញ្ញាណ)នោះបាន ទើបបុរសជាជនដៃដល់ភ័យក៏ជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា បុរសពាក់ស៊ីវិល ហើយមានកាំភ្លើងនោះ តែងតែមកគំរាមទារលុយពីអ្នកបើកហ្គេមបាញ់ត្រី និងអ្នកលក់គ្រឿងញៀននៅម្តុំនោះជាប្រចាំ ប៉ុន្តែពួកគាត់ក៏មិនដឹងច្បាស់ថា បុរសនេះ មានមុខងារ ឬធ្វើការអ្វីឲ្យប្រាកដនោះទេ។ គេគ្រាន់ដឹងថា បុរសនោះអះអាងថា គេជាមន្ត្រីសមត្ថកិច្ច។
ក្រោយកើតហេតុ ស្រ្តីពោះធំដែលរងរបួសធ្ងន់ខាងលើ ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត ដឹងយកទៅសង្គ្រោះភ្លាមៗ។ លុះប្រហែល១៥នាទីក្រោយមក ទើបគេបានឃើញសមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ រួចនាំបុរសម្ចាស់ហ្គេមខាងលើ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ជុំវិញរឿងរ៉ាវដែលបានកើតឡើង៕ ហេង សូរិយា