ភ្នំពេញ៖ នាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបង្ហោះសារមានចេតនាញុះញង់ បំបែកបំបាក់ឯកភាពជាតិ បំផ្លិចបំផ្លាញកងទ័ពជាតិ បន្ទាបបន្ថោកតួនាទីរបស់កងយោធពលខេមរភូមិន្ទ និងបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
កងរាជអាវុធហត្ថសូមថ្កោលទោសចំពោះ លោក សួន សេរីរដ្ឋា ចាត់ទុកការប្រព្រឹត្តរបស់លោក សួន សេរីរដ្ឋា ជាទង្វើក្បត់ជាតិ។
កងរាជអាវុធហត្ថ សូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលតាមផ្លូវច្បាប់ទៅលើជនក្បត់ជាតិរូបនេះ។
កងរាជអាវុធហត្ថ សូមគាំទ្រនិងស្ងើចសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដោះស្រាយបញ្ហាព្រំដែនជាមួយភាគីឡាវដោយសន្តិវិធី ការពារគង់វង្សនូវបូរណភាពទឹកដី អធិបតេយ្យជាតិដោយគ្មានការបង្ហូរឈាម។
នាយឧត្តមសនីយ៍ បានបញ្ជាក់បន្ថែមថា កងរាជអាវុធហត្ថ សូមប្តេជ្ញាបន្តបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដោយខ្ជាប់ខ្ជួនស្របតាមច្បាប់ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបនូវរាល់បទល្មើស និងទង្វើក្បត់ជាតិ។ ត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល៕ សុខ ខេមរា