ខេត្តកំពង់ឆ្នាំង ៖ បុរសបរទេសម្នាក់បានខឹងសម្បាយ៉ាងខ្លាំង ហើយជិះកង់ត្រឡប់មកដល់សាលាសង្កាត់ភ្លាមៗ ហើយបានវាយកម្ទេចស្លាកសាលាសង្កាត់ផ្សារឆ្នាំង ដោយខឹងនឹងមន្រ្តីសង្កាត់នៅទីនោះប្រាប់ខុសផ្លូវ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅសាលាសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសបរទេសនេះ មានឈ្មោះ ស្ទែវិន អាយុ៤៥ឆ្នាំ ជាជនជាតិញ៉ូវហ្សឺឡេន ជិះកង់ពីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ប៉ុន្តែត្រូវវង្វេងផ្លូវមកដល់ផ្សារក្រោម ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិញ៉ូវហ្សឺឡេនរូបនេះ បានជិះកង់គក់ ដែលមានដឹកស្គមួយនៅនឹងចង្រ្កាន់កង់ និង ស្ពាយហ្គីតាពីក្រោយខ្នង ហើយបានឈប់នៅមុខសាលាសង្កាត់ រួចចុះពីលើកង់ចូលទៅក្នុងសាលាសង្កាត់ និងបានសួរនាំមន្រ្តីនៅសាលាសង្កាត់នៅទីនោះ ដោយរកផ្លូវទៅខេត្តពោធិសាត់ ប៉ុន្តែនៅទីនោះពុំមានអ្នកចេះភាសាបរទេស ក៍បានចង្អុលឲ្យទៅកំពង់ផែទេសចរណ៍ ។ ក្រោយពីសួរនាំរួចជនបរទេសរូបនោះបានជិះកង់ទៅតាមការណែនាំ ពេលទៅដល់ឃើញកំពង់ផែទេសចរណ៍ ក៍ត្រឡប់មកវិញ ចំពេលដែលមន្រ្តីនៅសាលាសង្កាត់ទាំងនោះបានចេញទៅផ្ទះអស់ទៀតមិនដឹងសួរនាំអ្នកណា ក៍កើតការក្តៅក្រហាយ ទាញស្លាកសង្កាត់បាក់អស់ ឃើញដូចនេះប្រជាពលរដ្ឋនៅទីនោះបានប្រាប់ទៅសមត្ថកិច្ចជួយអន្តរាគមន៍ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចបានសួរនាំ ទើបដឹងថា ជនបរទេសរូបនេះបានផឹកស្រាស្រវឹងហើយវង្វេងផ្លូវ និយាយស្តាប់គ្នាមិនបានទើបកើតរឿងបែបនេះតែម្តង និង អប់រំឲ្យជនបរទេសនេះទៅតាមផ្លូវដែលគោលដៅត្រូវទៅផងដែរ៕ ចន្ថា