ភ្នំពេញ៖ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា បន្ទាប់ពីបានសាកសួរនិងពិនិត្យសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា អង្គហេតុខាងលើបានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌ រួមមាន ៖
១-បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ
២-បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ
៣-បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
ដោយហេតុថាករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញលក្ខខណ្ឌនៃនីតិវិធីនៃការបង្ហាញខ្លួនភ្លាម តាមបញ្ញត្តិមាត្រា ៤៧ និងមាត្រា ៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា រួមទាំងសំណុំរឿង តាមកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាមលេខ ០១៨ អ.យ.ឋ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះ ៕ ចេស្តា