ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្យមាតុភូមិវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៤ ខែសីហា  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ជិន ថាញ់មីន ប្រធាន គណៈកម្មាធិការមជ្ឈិមរណសិរ្យមាតុភូមិវៀតណាម ។

លោក ជិន ថាញ់មីន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំ និងពីនាយករដ្ឋមន្រ្តីវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបាន អភិវឌ្ឍប្រទេសជាតិអោយរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី ដែលបានធ្វើអោយកំណើន សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ជាពិសេសគឺកម្ពុជា បានរក្សានូវសុខសន្តិភាព ស្ថេរភាព ជាមួយនឹងតួនាទីដ៏សំខាន់នៅលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ លោក ជិន ថាញ់មីន បានអបអរសាទរចំពោះលទ្ឋផលនៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ លោកជិន ថាញ់មីន និងអរគុណចំពោះលោកប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រីវៀតណាម ដែលបានផ្តាំផ្ញើ សួរសុខទុក្ខសម្តេច។ សម្តេចតេជោ មានជំនឿថាដំណើរទស្សនកិច្ចរបស់ លោក ជិន ថាញ់មីន នៅកម្ពុជា ពេលនេះគឺនឹងពង្រឹងនូវចំណងមិត្តភាព និង សហប្រតិបត្តិការដើម្បីជម្រុញដល់ការអភិវឌ្ឍដែលនាំ មកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិទាំងពីរ៕


ចែករំលែក៖