ប៉ោយប៉ែតៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៩ប្រភេទ ដែលរក្សាទុកក្នុងឃ្លាំងសុវត្ថិភាព របស់ស្នងការដ្ឋានត្រូវបានប្រគល ដល់អង្គភាពស៊ីម៉ាក់ ដើម្បីយកទៅកម្ទេចចោលកាលព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ។
លោកឧត្តមសេនីយ៍ត្រី ចាន់ តារា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ អគ្គិភ័យ បានឲ្យដឹងថា ៖ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ប្រធាននាយកដ្ឋាន គ្រប់គ្រងអាវុធជាតិផ្ទុះ និងសេចក្តីណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្តីពីករណីប្រគល់គ្រាប់ខូចគុណភាព ជូនអង្គភាពស៊ីម៉ាក់ បំផ្លាញចោល ។
ផែគ្រប់គ្រងអាវុធជាតិផ្ទុះ អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៩ប្រភេទ ក្នុងនោះមាន១៣១គ្រាប់ និងគ្រាប់កាំភ្លើងដៃ២០៣គីឡូក្រាម មានក្បាលគ្រាប់ DK-៧៥ ចំនួនគ្រាប់, គ្រាប់B-៤០ចំនួន៤គ្រាប់, គ្រាប់បែកដៃធុន M-៤៦ ចំនួន៣គ្រាប់, គ្រាប់បែកដៃធុន F-១ ចំនួន២គ្រាប់, គ្រាប់បែកដៃ៨២-២ ចំនួន១៧គ្រាប់, គ្រាប់មីនតោន១គ្រាប់, គីបចរន្តចំនួន៩៤គ្រាប់, ឈើគូសទាញចំនួន៥គ្រាប់ ។
លោកស្នងការរងបានបញ្ជាក់ថា ៖ គ្រាប់ទាំងអស់ ដែលប្រគល់ជូនអង្គភាពស៊ីម៉ាក់នាពេលនេះ គឺមួយផ្នែក គឺជាគ្រាប់របស់អង្គភាព ដែលមានសភាពខូចគុណភាព និងមួយផ្នែកតាមបណ្តានគរបាលប៉ុស្តិ៍រដ្ឋបាល ប្រមូលបានពីប្រជាពលរដ្ឋ នៅមូលដ្ឋានដែលប្រទះឃើញ រួចហើយរាយការណ៍ជូននគរបាលប៉ុស្តិ៍យកមករក្សាទុក ហើយគ្រាប់ទាំងនេះ ប្រសិនបន្តរក្សាទុកអាចនឹងមានហានិភ័យកើតឡើង ដូច្នេះទើបប្រគល់ជូនក្រុមប្រតិបត្តិការស៊ីម៉ាក់យកទៅបំផ្លាញចោល ។
ម្យ៉ាងទៀតក៏សុំអំពាវនាវដល់ពលរដ្ឋនៅក្នុងមូលដ្ឋានបើសិនជាបានប្រទអឃើញគ្រាប់យុត្តិភ័ណ្ឌប្រភេទណាក៏ដោយត្រូវរាយការជូនកម្លាំងសមត្ថកិច្ច ជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិតឬអាចកើតឡើងហានិភ័យណាមួយប្រសិនជាកូនរបស់់លោកអ្នកនិងទៅប៉ះពាល់៕ វណ្ណា