ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំមន្ត្រីជាប់កិច្ចសន្យាក្នុងរដ្ឋបាលខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទី នៅសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំមន្ត្រីជាប់កិច្ចសន្យាក្នុងរដ្ឋបាលខណ្ឌទាំងអស់ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ។

ក្នុងកិច្ចប្រជុំនេះ ដោយមានការចូលរួមពី លោក-លោកស្រីអភិបាលរងខណ្ឌ តំណាងអធិការនគរបាល កងរាជអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌដូនពេញ លោក-លោកស្រីចៅសង្កាត់ទាំង១១ ប្រធាន-អនុប្រធានការិយាល័យជុំវិញខណ្ឌ ទីរួមផ្សារទាំង៣ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។

លោកសុខ ពេញវុធ បានសង្កត់ធ្ងន់លើការងារគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ក្នុងខណ្ឌ និងនៅតាមបណ្តាសង្កាត់ ផ្សារ ដោយ:
-ចៅសង្កាត់ ទីរួមផ្សារចាស់ ផ្សារកណ្តាល ត្រូវពង្រឹងការងារត្រួតពិនិត្យបញ្ជីវត្តមានមន្ត្រី ពិសេសមន្ត្រីជាប់កិច្ចសន្យា និងរាយការណ៍មកខណ្ឌឲ្យបានទៀងទាត់ រៀងរាល់ពេលរសៀលថ្ងៃសុក្រ។
-មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ត្រូវមកបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាបខ្ជួន ជាប់លាប់ ស្របតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងមន្ត្រីកិច្ចសន្យា។

លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យាណា ដែលមិនបានមកបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវទេ ក្រោយពីទទួលបានការវាយតម្លៃការងារពីសង្កាត់ ផ្សាររួចថា មានភាពអសកម្មនោះ រដ្ឋបាលខណ្ឌនឹងពិចារណាមិនបន្តកិច្ចសន្យាបម្រើការងារសំរាប់ឆ្នាំ២០១៨ឡើយ ។ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានលើកឡើងថា ការបញ្ឈប់ ជ្រើសរើស មន្រ្តីជាប់កិច្ចសន្យា ជាកាតព្វកិច្ចរបស់រដ្ឋបាលខណ្ឌ ព្រោះខណ្ឌជាអ្នកទទួលបន្ទុកលើការចំណាយប្រាក់ឧបត្ថម្ភប្រចាំខែ។ ប្រសិនបើមានតម្រូវការមន្ត្រី សូមស្នើមកខណ្ឌ។ លោកអភិបាលបានបន្ថែុមថា មន្ត្រីជាប់កិច្ចសន្យា ជាមន្ត្រីរាជការស៊ីវិល ដែលមានគោលជំហរអព្យាក្រឹត ឥតលម្អៀង និងមិនបម្រើឲ្យបក្សនយោបាយណាមួយឡើយ។

ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ បានត្រៀុមពិនិត្យលក្ខណ:វិនិច្ឆ័យ ពិចារណាក្នុងការបញ្ចូលភ្នាក់ងារអនាម័យទាំង២២រូប ដែលបច្ចុប្បន្នកំពុងទទួលប្រាក់ឧបត្ថម្ភពីក្រុមហ៊ុនស៊ីនទ្រី រៀងរាល់ខែ តែបានអាក់ខានទទួលប្រាក់ឧបត្ថម្ភនេះ រយ:ពេល៥ខែហើយ បើគិតតចាប់ខែមីនាមក ៕ ស ដារ៉ា


ចែករំលែក៖