ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកបរទាំងបង្ខំបង្កគ្រោះថ្នាក់ស្លាប់ និងរងរបួស

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែស្រវឹងស្រា ធ្វើឲ្យបុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធ និងកូនទប់ស្មារតីមិននឹង ជ្រុលទៅបុកគូទរថយន្តមួយគ្រឿង បណ្តាលឲ្យកូនតូចរងរបួសធ្ងន់ ហើយជិះទៅយ៉ាងលឿនប្រញាប់ទៅមើលកូននៅពេទ្យ ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងទៀតបណ្តាលដួលបោកទៅនឹងថ្នល់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខមន្ទីរសំរាកព្យាបាល និងសម្ភពផ្សារឈូកមាស តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ ខុន ពិសិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេការដំឡើងគ្រឿងសិង្ហារឹម ក្រុមហ៊ុនផិញធី ស្នាក់នៅ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិបូសខ្នោ ស្រុកចំការលើ ខេត្តកំពង់ចាម និងមានប្រពន្ធឈ្មោះ ហីម មាឡៃ អាយុ២៦ឆ្នាំ មុខរបរជាអ្នកដាំបាយក្នុងក្រុមហ៊ុនផិញធី ស្នាក់នៅជាមួយគ្នា និងមានកូនប្រុសម្នាក់ទៀត អាយុប្រហែល៣ឆ្នាំ ហើយបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១DF១៩៨៩ ។

យោងតាមប្រភពព័ត៌មានពីកន្លែងហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូស្ថិតក្នុងស្ថានភាពស្រវឹងនិងឌុបប្រពន្ធរួមទាំងកូនពីក្រោយ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ទិសដៅទិសដៅពីត្បូងទៅជើង។ ខណៈដែលជិះមកដល់ចំណុចខាងមុខផ្សារឈូកមាស ក៏បានជ្រុលទៅបុកគូទរថយន្តមួយគ្រឿងមិនចាំម៉ាក ដែលធ្វើដំណើរស្របទិសគ្នាបណ្តាលម៉ូតូដួលរងរបួសកូនប្រុសបែកមាត់និងពកក្បាល ។ ហើយដោយរថយន្តមិនចង់មានរឿងវែងឆ្ងាយ រួមទាំងអាណិតក្មេងតូចកំពុងរបួសផង ក៏សម្រេចចិត្តបន្តដំណើរទៅបាត់ដោយមិនទាមទារសំណង់អ្វីពីបុរសរងគ្រោះនោះទេ។

តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធបុរសរងគ្រោះបានទុកប្តីចោល ព្រោះឃើញប្ដីស្រវឹងខ្លាចមានគ្រោះថ្នាក់បន្តទៀត ហើយស្ត្រីជាប្រពន្ធក៏សម្រេចចិត្តឡើងជិះម៉ូតូឌុបដឹកកូនយកទៅព្យាបាលក្លីនិកត្រង់ចំណុចកើតហេតុខាងលើបាត់។

បន្ទាប់ក្រោយមក បុរសរងគ្រោះដែលជាប្តីបានលើកម៉ូតូជិះតាមទៅមើលប្រពន្ធនិងកូនតែ ក្នុងពេលនោះក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះជួយឃាត់មិនឲ្យបន្តដំណើរទៅមុខទៀតព្រោះខ្លាចមានគ្រោះថ្នាក់ ។ តែទោះជាប្រជាពលរដ្ឋព្យាយាមឃាត់យ៉ាងណាក៏ដោយ ក៏បុរសរងគ្រោះខាងលើនៅតែបន្តលើកម៉ូតូធ្វើដំណើជិះទៅមុខទៀត ក្នុងល្បឿនបោះពួយយ៉ាងលឿន ព្រោះប្រញាប់ទៅមើលកូន ។ លុះមកដល់ចំណុចកើតហេតុខាងលើ បុរសរងគ្រោះក៏បានជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវបំណងចូលពេទ្យផ្សារនាគមាស មើលប្រពន្ឋកូន តែដោយសារមិនបន្ថយល្បឿនក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ដែលបើកបរបញ្ច្រាស់ទិសគ្នាចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យបុរសរងគ្រោះដួលបោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ រីឯម៉ូតូត្រូវបានបែកចង្កៀងនិងក្របាំងមុខរងការខុចខាតយ៉ាងដំណំ ។ ដោយឡែករ៉ឺម៉កម៉ូតូឃើញសភាពមិនស្រួល ក៏បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធបានរត់បីកូនប្រុសមកកន្លែងកើតហេតុរួមសាច់ញាតិរបស់ជនរងគ្រោះហើយបានស្រែកត្រហូយំយ៉ាងគួឲ្យសោកសង្វេគជាខ្លាំងបង្កឲ្យប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើន។

បន្ទាប់ក្រោយមកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុនិងបានធ្វើកំណត់ហេតុហើយបានប្រគល់សពបុរសរងគ្រោះរួមទាំងម៉ូតូទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅវត្តក្រាំងធ្នង់ រងចាំសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖