ភ្នំពេញ៖ ក្រុមក្មេងស្ទាវដែលចូលចិត្តទិញម៉ូតូ ស៊េរីទំនើប ហើយយកមកកែឆ្នៃខុសពីទំរង់ដើមដូចជាដាក់បំពុងស៊ីមាំង មានសំលេងលឺខ្លាំងៗ ដែលបង្ករការំខានដល់ប្រជាពលរដ្ឋដែលកំពុងតែដេកលង់លក់ ឥឡូវនេះគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ឲ្យឃាត់ក្រុមអ្នកជិះម៉ូតូកែឆ្នៃទាំងអស់នោះ មកធ្វើការអប់រំណែនាំ មិនឲ្យដាក់បំពុងស៊ីមាំង ដែលមានសំលេងលឺខ្លាំងៗ ។
ក្នុងប្រតិបត្តិការខាលើនេះដែល បានធ្វើឡើងកាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខសណ្ឋាគារណាហ្គាវើល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ម៉ូតូចំនួន៤គ្រឿង ដែលកែឆ្នៃបំពុងស៊ីមាំង មានសំលេងលឺខ្លាំងៗ បង្កដល់ការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពុងតែលង់លក់ក្នុងដំណេក ដូចេះហើយអាជ្ញាធរខណ្ឌដូនពេញសម្រេចចាប់ផ្ដើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតែម្តង ។
អាជ្ញាធរខណ្ឌដូនពេញ បានបន្តទៀតថា ចំពោះការចាប់ក្រុមម៉ូតូដែលកែឆ្នៃខុសពីទ្រង់ទ្រាយដើមនោះ បានចំនួន៤គ្រឿងយកមកសាលាខណ្ឌដូនពេញនិងធ្វើការណែនាំដល់ម្ចាស់ម៉ូតូថា បើកបានម៉ូតូដដែរលើកក្រោយទៀត នឹងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា និងឃាត់ម៉ូតូទុករយះពេល១ខែ ទើបប្រគល់ឲ្យម្ចាស់វិញ ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសប្បាយចិត្តយ៉ាងខ្លាំងចំពោះបទបញ្ជារបស់ លោក សុខ ពេញវុធ អភិបាល ដែលមានចំណាត់ការបែបនេះ ហើយប្រជាពលរដ្ឋក៏សង្ឃឹមលោកអភិបាលឬសមត្ថកិច្ចទាំងអស់នឹងចុះបង្រ្កាបក្រុមក្មេងទំនើងដែលតែងតែកែឆ្នៃម៉ូតូឲ្យខុសពីទំរងដើម ដូចលោក សុខ ពេញវុធ អញ្ចឹងដែរ ៕ស តារា