ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងNet24ម៉ោងក្នុងមូលដ្ឋានខណ្ឌមានជ័យនៅបន្តបើកទាល់ភ្លឺ

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាមានការហាមប្រាម មិនអនុញ្ញាតពីអាជ្ញាធរខណ្ឌមានជ័យ ក្នុងការបើកអាជីវកម្មប្រព័ន្ធអ៊ីនធើណែត២៤ម៉ោងក៏ដោយចុះ ដោយឡែកការហាមប្រាមទៅលើអ្នកជួញមុខរបរនេះ វាហាក់បីដូចជាគ្មានប្រសិទ្ធភាព ព្រោះថាគេបានសង្កេតឃើញនៅលើកំណាត់ផ្លូវព្រះមុនីរ៉េត(២១៧)នៅក្នងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ នៃខណ្ឌមានជ័យនៅពេលយប់ ទីតាំងណែត២៤ម៉ោងនៅបើកលេងជាធម្មតារហូតដល់ភ្លឺ។

សង្កេតឃើញទីតាំងណែត២៤ម៉ោងទាំងនោះ ភាគច្រើនជាមនុស្សក្មេងទំនើងសម្លៀកបំពាក់មិនសមរម្យ អ្នកចូលលេងកន្លែងណែតនិមួយៗមានចោះក្រវិលត្រចៀក មានសាក់រូបផ្សេងៗនៅលើខ្លួនប្រាណ អាកប្បកិរិយាច្រឡឺស បឺស ដែលអាចវាយតម្លៃថាជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាមុខសញ្ញាអាចរងចាំធ្វើសកម្មភាពមិនគប្បីក្នុងសង្គម និយាយជារួមពួកគេអាចចាំធ្វើសកម្មភាពឆក់កាបូប ប្លន់អ្នកធ្វើដំណើរ និងអាជីវករតាមផ្សារ ដែលសកម្មភាពទាំងអស់នេះគឺធ្លាប់កើតមាននៅពេលទៀបភ្លឺនៅក្នុងរាជធានី។

បើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចខ្លះបានបង្ហើបថា មិនត្រឹមតែប៉ុណ្ណោះទេ គឺកន្លែងផ្ទះបើកណែត២៤ម៉ោងខ្លះក៏មានលួចលាក់ឲ្យប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ទឹកផងដែរ ខណៈដែលសមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាលម្តងៗនៅក្នុងមូលដ្ឋាន។

លោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យបានបញ្ជាក់ឲ្យដឹងដែរថា អាជ្ញាធរខណ្ឌបានកោះហៅម្ចាស់ទីតាំងណែត២៤ម៉ោងមកប្រជុំផ្សព្វផ្សាយនូវបញ្ហានេះ ហើយអាជ្ញាធរបានណែនាំឲ្យបើកអាជីវកម្មត្រឹមម៉ោង៨យប់។

ជុំវិញបញ្ហាទីតាំងណែត២៤ម៉ោងនេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តែងតែបានក្រើនរំលឹកដល់អាជ្ញាធរខណ្ឌទាំង១២ឲ្យចុះត្រួតពិនិត្យទីតាំងល្បែងភ្នាល់តាមអនឡាញ ឬទីតាំងណែត២៤ម៉ោងថា បើគេមានច្បាប់ឬគ្មានច្បាប់ត្រូវណែនាំ តែបើមិនដូច្នោះទេបិទតែម្តង។ព្រោះថា ទីតាំងទាំងនេះអាចជាកន្លែងផ្តល់ឧិកាសឲ្យសិស្សគេចសាលាក៏ថាបាន អាចជាកន្លែងផ្តល់ឧិកាសឲ្យក្មេងទំនើងដើរហើរពេលយប់មិនចូលផ្ទះសម្បែង និងជាកន្លែងផ្តល់ឧិកាសឲ្យជនល្មើសផងដែររងធ្វើសកម្មភាពផ្សេងៗនៅពេលយប់ និងទៀបភ្លឺ។ ហេតុដូច្នេះបើបិទទីតាំងទាំងនេះបានវាកាន់តែប្រសើរខ្លាំងណាស់៕ តាឡឹម


ចែករំលែក៖