ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះធ្វើការត្រួតពិនិត្យទីតាំងបញ្ចាំ២កន្លែង ទី១ យីហោ ពន្លឺភ្នំមាស ស្ថិតនៅផ្ទះលេខ១១A និងទីតាំងទី២ យីហោ ជាង គី ទីតាំងផ្ទះលេខ ០៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ទាំងពីរកន្លែង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅមូលដ្ឋានខណ្ឌទួលគោក ។
ក្នុងប្រតិបត្តិការណ៍នេះដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោក លោក ស៊ឹម ពិសិដ្ឋ អធិការងខណ្ឌ លោក ជា សុផា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌនិងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ងិន ពេជ្រ ព្រមទាំងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន។
លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានអោយដឹងថា នៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានទីតាំងបញ្ជាំម៉ូតូ និងរថយន្តចំនួន ទាំងអស់ចំនួន៦៨ទីតាំង ហើយកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌទួលគោក រួមទាំងព្រះរាជអជ្ញា នឹងបន្តធ្វើការចុះត្រួតពិនិត្យទីតាំងផ្សេងៗដែលស្ថិតនៅក្នុងមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ខណ្ឌទួលគោក ជាបន្តបន្ទាប់ទៀតបើរកឃើញថាទីតាំងណាមួយមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវទេនោះលោកនិងរាយការជួនថ្នាក់លើដើម្បីបិទអាជីកម្មនោះតែម្តង។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេនិងត្រួតពិនិត្យជាក់ស្តែងរក ឃើញមានទីតាំងទី១ ដែលមានស្លាកយីហោ ពន្លឺភ្នំមាស មានម៉ូតូចំនួន៥៩គ្រឿងមានលិខិតស្នាមត្រឹមត្រូវ និងទីតាំងទី២ ដែលមានយីហោ ជាងគី មានម៉ូតូចំនួន១៩គ្រឿង និងរថយន្តចំនួន០២គ្រឿង មានលិខិតស្នាមត្រឹមត្រូវដូចគ្នាផងដែរ។
គួរំលឹកផងដែរ កាលពីរសៀលថ្ងៃទី០៨ ខែសីហា កន្លងនេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលពីលោកអភិបាលរងរាជធានី៤រូប ស្នងការរាជធានី ស្ថាប័នតុលាការមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១២និងមន្ទីរទាំងអស់ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយដោយជម្រុញអោយសមត្ថកិច្ចទាំងអស់មានវិធានការទាំងកុងស៊ីបញ្ចាំនានានៅក្នុងមូលដ្ឋានទោះបីជាមានច្បាប់ឬក៏អត់ច្បាប់។
ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានស្នើធ្វើឲ្យអនុវត្តការងារនេះអោយបានម៉ឺងម៉ាត់ជាទីបំផុត មានន័យថា មូលដ្ឋានខណ្ឌទាំង១២ត្រូវត្រួតពិនិត្យទីតាំងកុងស៊ីបញ្ចាំ ដែលគ្មានច្បាប់អនុញ្ញាត ត្រូវចាត់វិធានការណែនាំឲ្យម្ចាស់អាជីវកម្ម ត្រូវបញ្ឈប់ ឬក៏បិទកុងស៊ី ហើយស្នើសុំច្បាប់សាជាថ្មី ។
ក្នុងករណីដែលមិនព្រមទេ ខណ្ឌខ្លួនឯងត្រូវមានវិធានការរដ្ឋបាល បិទទីតាំងកុងស៊ីបញ្ចាំនោះតែម្តង។ ដូចគ្នានេះដែរ បើទោះជាទីតាំងហាងបញ្ចាំ ឬក៏កុងស៊ីបញ្ចាំ មានច្បាប់ក៏ដោយ ក៏ត្រូវធ្វើការត្រួតពិនិត្យផងដែរ ដើម្បីអោយដឹងថា ការអនុវត្តច្បាប់លើកុងស៊ីបញ្ចាំ នេះមានលក្ខណគ្រប់ជ្រុងជ្រោយហើយឬនៅ? ។
កាលណោះលោកបានលើកជាឧទារណ៍ថា កុងស៊ីរបស់ពួកគាត់មានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងការប្រកបអាជីវកម្មបញ្ចាំ ប៉ុន្តែមានករណីយករបស់របរ រថយន្ត ម៉ូតូ ដោយគ្មានលិខិតស្នាមបញ្ជាក់អំពីភាពជាម្ចាស់ទ្រព្យសម្បត្តិទាំងអស់នេះ ដោយកុងស៊ីមួយចំនួនក៏ទទួលយកដែរ ។ បញ្ហានេះជាការបង្ហាញអំពីការមិនទទួលខុសត្រូវចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ដូចជាករណីចោរលួច ចោរប្លន់ ក្រោយពេលធ្វើសកម្មភាពបានហើយ គឺមិនមានឯកសារលើទ្រព្យសម្បត្តិនោះទេ ហើយកុងស៊ីទាំងអស់នោះហើយ គឺជាអ្នករកស៊ីទទួលបញ្ចាំនិងទិញ ផលចោរកម្មនេះ ។ កិច្ចការនេះលោកអភិបាល បានសង្កត់ធ្ងន់យ៉ាងខ្លាំងរហូតណែនាំដល់ខណ្ឌទាំងអស់ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាត ក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៍ ហើយ ការកំណត់រយៈពេល២សប្តាហ៍នេះ គឺដើម្បីឲ្យខណ្ឌទាំង១២ចាត់តាំងអនុវត្តន៍ទៅលើការងារកុងស៊ីបញ្ចាំនេះ ឲ្យមានប្រសិទ្ធភាព និងចៀសឲ្យបាននិងបញ្ឈប់វប្បធម៌អន្តរាគមន៍។ អនុវត្តតាមការណែនាំនេះ ទើបនៅព្រឹកថ្ងៃពុធ ទី១៦ សីហានេះ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក ប៉ាង លីដា អភិបាលខណ្ឌ បានចុះឆែកឆេរ និងត្រួតពិនិត្យហាងបញ្ចាំខាងលើនេះ តែម្តង ។
ក្រោយប្រតិបត្តិការណ៍បញ្ជប់ កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេនិងត្រួតពិនិត្យ ឃើញមានទីតាំងទី១ ដែលមានស្លាកយីហោ ពន្លឺភ្នំមាស មានអញ្ញាប័ណ្ឌបើកអាជីវកម្មត្រឹមត្រូវ មានម៉ូតូចំនួន៥៧គ្រឿង មានលិខិតស្នាមត្រឹមត្រូវចំនួន១៥គ្រឿង គ្មានលិខិតស្នាមត្រឹមត្រូវចំនួន៤២គ្រឿងត្រូវបានដកហូតយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកទីតាំងទី២ ដែលមានយីហោ ជាង គី មិនមានអញ្ញាប័ណ្ឌបើកអាជីវកម្មត្រឹមត្រូវទេ តែមានម៉ូតូចំនួន១៩គ្រឿង និងរថយន្តចំនួន០២គ្រឿង មានលិខិតស្នាមត្រឹមត្រូវ ៕ ស ដារ៉ា