ព័ត៌មានទាន់ហេតុការណ៍៖

បរទេស​ពីរ​នាក់​យក​ក្រដាស​កែច្នៃ​ឲ្យ​ទៅ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ពិតប្រាកដ​ កំពុង​ស្ថិត​ក្រោម​ការសាកសួរ​​របស់​តុលាការ​ ,​ រកឃើញ​ប្រាក់​២លាន​ដុល្លារ​ដែល​លាង​រួច​

ចែករំលែក៖

ភ្នំពេញ​៖​ នគរបាល​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃទី​១៦​ ខែ​សីហា​ នេះ​ បញ្ជូន​បុរស​ជនជាតិ​សេរ៉ាឡេអូន​ម្នាក់​និង​បុរស​ជនជាតិ​លី​ប៊ី​ម្នាក់​ មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ករណី​យក​ក្រដាស​កែច្នៃ​លាង​ឲ្យ​ទៅ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ ពិតប្រាកដ​ ។​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ លោក​ រៀល​ សុភិន​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ពោលគឺ​កំពុង​សាកសួរ​នៅ​ឡើយ​ ។

នគរបាល​បញ្ជាក់​ថា​ បុរសជនជាតិសេរ៉ាឡេអូនឈ្មោះ កាម៉ារ៉ា អាប់ឌុល អាយុ៣៧ឆ្នាំ និងបុរសជនជាតិលី​ប៊ី​ ឈ្មោះ​ ដាវិដសុន អាល់ប៉ុនសុន អាយុ៤៨ឆ្នាំ បានត្រូវ​នគរបាល​នាយកដ្ឋាន​កណ្តាលសន្តិសុខក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា នៅក្នុងរាជធានីភ្នំពេញ ។

ចំពោះមូលហេតុនៃការឃាត់ខ្លួននេះ សមត្ថកិច្ចពុំបានបញ្ជាក់អោយដឹង​លម្អិត​ទេ តែប្រភព​ព័ត៌មាន​ផ្សេងមួយទៀតបានបង្ហើប​ឲ្យ​ដឹងថា បុរសជនជាតិបរទេសទាំងពីរនាក់នេះបានចូលមក ប្រទេសកម្ពុជាដោយបាននាំយកម៉ាស៊ីនសម្រាប់លាងក្រដាសដែលគេនាំចូលមក​ ដើម្បី​ចេញជាប្រាក់ដុល្លារអាមេរិក។

សកម្មភាពនេះពួកគេបានធ្វើមួយរយៈរួចមកហើយ គ្រាន់តែពុំទាន់បានយកក្រដាសប្រាក់ដែលលាងរួចនោះ យកទៅចាយវាយនៅឡើយទេ តែសមត្ថកិច្ចបើកការស្រាវជ្រាវជាបន្តបន្ទាប់ ទើប​ឈានដល់ការឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបាន​ឆែកឆេរ​រកន្លែងស្នាក់នៅបុរសជនជាតិបរទេសទាំងពីរ​នាក់នេះ ហើយ​រកឃើញប្រាក់លាងរួចហើយចំនួន២លានដុល្លារអាមេរិក៕ចេស្តា


ចែករំលែក៖