ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្នុងករណីឆបោកតាមទូរស័ព្ទ

ចែករំលែក៖

ខេត្តតាកែវៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៧ រួចបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧ តាមពាក្យបណ្ដឹងជនរងគ្រោះ បន្ទាប់ពីជនស្ស័យរូបនេះបានឆបោកតាមទូរស័ព្ទសរុបជាប្រាក់ប្រមាណជិត ៣ ពាន់ដុលារ។

លោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថុង វិត ហៅធី អាយុ៣៧ មុខរបរកសិករ រស់នៅភូមិគ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង ចំណែកជនរងគ្រោះមានឈ្មោះ ប៉ាន់ សារឿន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងត្រាច ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជនរងគ្រោះរូបនេះ បានមកប្រាប់សមត្ថកិច្ចថា កាលពីសប្ដាហ៍មុន ជនសង្ស័យបានទូរស័ព្ទមករូបគាត់ ដោយបន្លំថា ជាកូន ដោយប្រាប់ថា ខ្វះខាតលុយធ្វើនេះ ធ្វើនោះ រៀងរាល់ថ្ងៃ រូបគាត់ ក៏ផ្ញើឲ្យតាមវីងជារៀងរាល់ថ្ងៃដែរ លុះផ្ញើលុយឲ្យបាន៦ដងអស់ប្រាក់ចំនួន ២៥០០ ដុលារ និង ៣០ម៉ឺនរៀលរូបគាត់ ក៏មានការសង្ស័យទើបសាកខលទៅលេខមួយទៀតរបស់កូនប្រុសគាត់ហើយ សួរទើបដឹងថា គេបោក ទើបរាយការណ៍ ទៅសមត្ថកិច្ចឲ្យរៀបចំអន្ទាក់ចាប់ខ្លួនជនសង្ស័យតែម្ដង ក្នុងនោះផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម៉ូតូ ១ គ្រឿង ទូរស័ព្ទដៃ ១ គ្រឿង លុយខ្មែរ ៨៧០០ រៀល និងលុយដុលារ ០២ ដុលារ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានបន្លំធ្វើជាកូនប្រុសរបស់ជនរងគ្រោះហើយបានបោក យកប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន ដោយលើកទី៧ រូបគេទៅដកយកលុយម្ដងទៀត ក៏ត្រូវប៉េអឹមចាប់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តតាកែវ ៕ ភ្នំដា


ចែករំលែក៖