ភ្នំពេញៈ ដោយមើលឃើញ ពីការសង់រំលោភចិញ្ចើមផ្លូវ ធ្វើជាសួន ដើម្បីលំអរបន្ថែម របស់សណ្ឋាគារប៉ាស៊ីហ្វិកនោះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារឲ្យកម្លាំងជំនាញខណ្ឌ ចុះទៅវាយឲ្យដូចទ្រង់ទ្រាយដើមវិញ។
លោក ចាប ឌីណា នាយករងរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា ម្ចាស់សណ្ឋាគារប៉ាស៊ីហ្វិក បានឲ្យជួយជួសជុលកែលម្អ ដោយសង់សំណង់ថ្មធ្វើទឹកហូរ នៅខាងមុខសណ្ឋាគារ បានរំលោកចិញ្ចើមផ្លូវនោះ។ ដូច្នេះហើយ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យផ្នែកជំនាញ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារសំណង់ខណ្ឌ បានចុះពិនិត្យទីតាំងសំណង់ជួសជុល និងសាងសង់រំលោភចិញ្ចើមផ្លូវ នៅមុខសណ្ឋាគារប៉ាស៊ីហ្វិក ផ្លូវលេខ៩៣កែង១៥៤ សង្កាត់ផ្សារថ្មីទី២ របស់ឈ្មោះ ស៊ុន ណាវី ហើយបានណែនាំម្ចាស់ រុះរើសំណង់ខាងលើចេញទាំងអស់ ដូចទម្រង់ដើមវិញ ក្នុងករណីមិនអនុវត្តន៍តាមការណែនាំ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ ចុះរុះរើដោយមិនទទួលខុសត្រូវ រាល់ការខូចខាត ឬបាត់បង់សំភារៈឡើយ។
លោក ចាប ឌីណា នាយករងរដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ទៀតថា ម្ចាស់សំណង់ ត្រូវស្នើសុំច្បាប់ ជួសជុលឲ្យបានត្រឹមត្រូវ ហើយម្ចាស់ទីតាំង ក៏ឯកភាពតាមការណែនាំទាំងស្រុង និងបានរុះរើដោយខ្លួនឯងក្នុងថ្ងៃនោះផងដែរ៕ ហេង សូរិយា