ភ្នំពេញ៖ ជោគវាសនាលោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា នៅស្រពិចស្រពិលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅពុំទាន់សម្រេចចោទប្រកាន់ឬតម្កល់រឿងទុកឥតចាត់ការ ចំពោះសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារ ។
លោក ជុន ច័ន្ទបុត្រ បានគេចខ្លួនទៅសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ចេញដីកាបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោកជុន ច័ន្ទបុត្រ ដើម្បីសាកសួរពីដំណើររឿង “ ផ្តល់សេចក្ដីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ “ ប្រព្រឹត្តនៅចំណុចមណ្ឌលអប់រំកែប្រែទី១ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ។
មេធាវីការពារក្ដីលោកជុន ច័ន្ទបុត្រ គឺ លោក ឌុន វិបុល ថ្លែងនៅថ្ងៃទី១៧ ខែសីហា ថា រហូតមកទល់ពេលនេះ តុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះករណីនេះ។ លោកមេធាវីថា “ បន្ទាប់ពីតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួន ដូចជាស្ងប់ស្ងាត់ អត់ទាន់ទទួលដំណឹងអ្វីពីតុលាការទេ “ ។ លោកថា លោកបានស្នើសុំថតចម្លងសំណុំរឿង តែត្រូវតុលាការបដិសេធ ។
គួរបញ្ជាក់ថា លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺក្នុងនាមជាជនសង្ស័យ ដើម្បីសាកសួរពីដំណើររឿង “ ផ្តល់សេចក្ដីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ “ ។ ប៉ុន្តែលោកជុន ច័ន្ទបុត្រ បានគេចខ្លួនទៅសហរដ្ឋអាមេរិក ។
កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ហួត ឃីន វុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ៕ចេស្តា