ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កើន​ឡើង​ជាង​១២ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៧ ភ្ញៀវទេសចរណ៍អន្តជាតិមកទស្សនាកម្ពុជា មានការកើនឡើង១២,៨% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំមុន។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើង នៅក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរទេសចរណ៍ ខេត្តកណ្តាល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នេះថា ពាក់ព័ន្ធនឹងភ្ញៀវទេសចរណ៍នេះ បើតាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរណ៍អន្តរជាតិ ប្រមាណ៥,៤លាននាក់នៅឆ្នាំ២០១៧ និងប្រមាណ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលសរុបប្រមាណ៥០០០លានដុល្លារអាមេរិក នឹងអាចបង្កើតនូវឱកាសការងារបានប្រមាណ១លាននាក់ផងដែរ។

លោករដ្ឋមន្ត្រី បានបន្តថា ដោយឈរលើមូលដ្ឋាននៃកំណើននេះ គឺទាមទារឲ្យមានការគិតគូ និងគ្រប់គ្រងឲ្យបានហ្មត់ចត់ ពិសេសត្រូវមានផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទេសចរណ៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ បើផ្អែកតាមគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តអភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតង ផ្តល់សេវាប្រកបដោយគុណភាព និងភាពក្តៅដល់ភ្ញៀវទេសចរណ៍ថែមទៀត។

ចំណែកនៅក្នុងយុទ្ធសាស្ត្រទាក់ទាញ និងត្រៀមទទួលទេសចរណ៍អន្តជាតិ ក្រសួងទេសចរណ៍បាននិងកំពុងបន្តពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ដែលមានស្រាប់ រួមជាមួយការគៀងគរឲ្យមានការវិនិយោគ លើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតឲ្យកាន់តែសំបូរបែប ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ទាំងនៅកម្រិតថ្នាក់ជាតិ និងនៅតំបន់ទេសចរណ៍អាទិភាពទាំង៤ផងដែរ។

ជាក់ស្តែងក្រសួងទេសចរណ៍បាននិងកំពុងអនុវត្តចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើរតួជាស្នូលនៃផែនការកំណែទម្រងវិស័យទេសចរណ៍ ២០១៥–២០១៨ ដោយផ្តោតលើមុំ៤ជាអាទិភាពដូចជា ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៌ “សេវាមួយ ស្តង់ដារ មួយ ” តាមរយៈការដាក់ចេញនិងការអនុវត្តស្តង់ដាបៃតង សម្រាប់ផលិតផល និងសេវាទេសចរណ៍ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់ផងដែរ។

ពាក់ព័ន្ធនឹងការផ្លាស់ប្តូរមុខដំណែងនេះ លោកសំ សូភី អតីតប្រធានមន្ទីរទេសចរណ៍ ខេត្តកណ្តាល គឺត្រូវទៅបម្រើការងារនៅទីស្តីការក្រសួងទេសចរណ៍វិញ ដោយបានតែងតាំងលោក ជួប សោភ័ណ្ឌ ជាប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលជាអ្នកគ្រប់គ្រងបន្ត៕ ហេង សូរិយា


ចែករំលែក៖