ភ្នំពេញៈ ស្នូរកាំភ្លើងបានផ្ទុះឡើងផ្ទួនៗគ្នាមិនតិចជាង១០គ្រាប់ ដែលនោះគឺជាការបាញ់ដោយ កាំភ្លើងខ្លីចេញពីដៃរបស់មន្ត្រីអង្គរក្សម្នាក់ នៅក្នុងបន្ទាយវរៈ ៤៩៩ សំដៅរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍តិចតួចធ្វើឲ្យរថយន្តក្រុងត្រូវធ្លុះធ្លាយ ដោយគ្រាប់កាំភ្លើងជិត១០ កន្លែង ឯជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួន និងចាត់ទុកជាសំណាង ដែរដែលគ្មានមនុស្សណាម្នាក់រងគ្រោះក្នុងហេតុការណ៍នេះ។
ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង ៥០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបាន បានឲ្យដឹងថា បន្ទាប់ពីឮស្នូរផ្ទុះអាវុធជាច្រើនគ្រាប់នៅចំណុចខាងលើភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅ ធ្វើអន្តរាគមន៍ ហើយបានឃាត់ខ្លួនខ្មាន់កាំភ្លើង ឈ្មោះ អេង កុសល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអង្គរក្ស នៅបន្ទាយវរៈ៤៩៩(យោធា) ស្នាក់នៅផ្ទះលេខដេ២៤ ផ្លូវលេខ២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ព្រមទាំងដកហូតកាំភ្លើងខ្លីម៉ាកឡុក១ដើម រួចបញជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវភ្លាមៗផងដែរ ។ ប៉ុន្តែបើតាមលោកនាយឧត្តមសេនីយ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញវិញបានបញ្ជាក់ថា ជននេះ”មិនមែនជាអង្គរក្សនិងគ្មានក្របខ័ណ្ឌកងទ័ពទេ គឺជាជនស៊ីវិល ដែលប្រើប្រាស់អាវុធខុសច្បាប់”។ ដូច្នេះត្រូវបញ្ជូនទៅតុលាការក្នុងបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ ផ្ទុះអាវុធអនាធិបតេយ្យ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ”។
ចំណែកអ្នកបើករថយន្តក្រុងឈ្មោះ ឈឹម គឹមទ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តក្រុង ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-4903 របស់ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ បានបើកតាមបណ្តោយផ្លូវលេខ៥៩៨ពីជើងទៅត្បូង ហើយពេលមកដល់កន្លែងកើតហេតុបានកៀររថយន្ដម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-1936 បើកបរដោយបុរសម្នាក់ដែលតាំងខ្លួនជាអង្គរក្សខាងលើបណ្តាលឲ្យធ្លាក់កាងមុខតិចតួច ។ ពេលនោះរថយន្ដក្រុងមិនបានឈប់ដោះស្រាយគ្នាទេ បែរជា បន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យអង្គរក្សម្ចាស់រថយន្ដ ព្រូសខឹង ទាញកាំភ្លើងខ្លីម៉ាកឡុក បាញ់ប្រហារពីក្រោយតែម្ដង តែមិនមានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែធ្លុះធ្លាយផ្នែកខាងក្រោយរថយន្តជិត១០កន្លែងប៉ុណ្ណោះ។ បន្ទាប់មករថយន្តក្រុងដឹកអ្នកដំណើរបានឈប់ ហើយសមត្ថ កិច្ចមូលដ្ឋានបានទៅដល់ក៏ឃាត់ខ្លួនអង្គរក្សដៃដល់និងហូតកាំភ្លើង១ដើមទុក ទើបបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បចាត់ការតាមច្បាប់ ។
ខ្មាន់កាំភ្លើងឈ្មោះ អេង កុសល បានរ៉ាយរ៉ាប់ប្រាប់សមត្ថកិច្ច ថា នៅពេលកើតហេតុ ភាគីរថយន្ដក្រុងខាងលើ បានបុករថយន្ដរបស់គាត់ ហើយមិនឈប់ដោះស្រាយគ្នាទេបែរជាបើករត់ទើបខ្លួនដេញតាមពីក្រោយ ហើយខឹងពេកដកកាំភ្លើងខ្លីបាញ់តែម្ដង បើគាត់ឈប់ដោះស្រាយគ្នាមិនអីទេ តែនេះគាត់ឈ្លើយពេក បុកហើយបើករត់ បើកយ៉ាងលឿនទៀត ចុះបើទៅបុកគេផ្សេងទៀត តើយ៉ាងណា?
ចំណែកភាគីអ្នកបើករថយន្តក្រុងវិញ បានបដិសេធថា គាត់មិនបានបើករថយន្តបុក ឬកៀររថយន្តព្រូសនោះទេ គ្រាន់តែគាត់ឃើញរថយន្តព្រូសនោះ ព្យាយាមបើកជែងរថយន្តរបស់គាត់តែជែងមិនផុត ទើបអ្នកបើករថយន្តព្រូសមានកំហឹងដេញបាញ់រថយន្តគាត់តែម្តង។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋបានលើកឡើងថា ការផ្ទុះអាវុធជាច្រើនគ្រាប់ភ្ញាក់ផ្អើលមួយចំហៀងក្រុងយ៉ាងនេះសមត្ថកិច្ចច្បាស់ជាចាត់ការជននេះតាមច្បាប់មិនអនុគ្រោះឡើយ ព្រោះបើគេប្រៀបធៀបនឹងមន្រី្តនគរបាលខេត្តកណ្តាលម្នាក់ ជាកូនបង្កើតរបស់លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបាញ់ឡើងលើតែ មួយគ្រាប់សុំបើកផ្លូវយកកូនទៅមន្ទីរពេទ្យសោះមានទោសរហូតជ្រុះតំណែង ចុះករណីនេះ បាញ់ដល់ទៅ១០គ្រាប់និងធ្លុះធ្លាយរថយន្តគេទៀត តើគួរឲ្យរួចខ្លួនដែរឬទេ ? ប្រាថ្នា