ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ៖ ភាពយន្តរឿងហ្លួងព្រះស្តេចកន ដែលត្រៀមដាក់បញ្ចាំង នៅតាមបណ្ដារោងភាពយន្ដនានានៅកម្ពុជា ឲ្យទស្សនិករជនទស្សនា នៅពេលនេះ គឺបានបង្ហាញពីវប្បធម៌ខ្មែរដ៏អស្ចារ្យ ដើម្បីឲ្យកូនចៅជំនាន់ក្រោយ គួយក តម្រាប់តាម និងប្រតិបត្ដិ នៅក្នុងសង្គមបច្ចុប្បន្ន ប្រកបដោយ សុខសន្ដិភាព ដែលមានការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាង សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បាន បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ភោធ ចាក់ បញ្ចាំងខ្សែភាពយន្តរឿង «ហ្លួងព្រះស្តេចកន» របស់ផលិតកម្មត្រីសូល៍ភាពយន្ដខ្មែរ នៅសាលមហោស្របចតុមុខ កាលពីរាត្រីថ្ងៃទី១៧ សីហា ឆ្នាំ២០១៧ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ វណ្ណកម្មភាពយន្តរឿង ហ្លួងព្រះស្តេចកន ដែលស្នាដៃនិពន្ធ កូនខ្មែ ដោយសំរិតសំរាំង ដាក់បញ្ចាំង នៅពេលនេះ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនផង និងដើម្បីទុកជាឯកសារ ភាពយន្ដ សម្រាប់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ។
លោកស្រីបន្ដថា៖ ប្រជាជនកម្ពុជាបានទទួលនូវមរតកសម្បត្តិសិល្បៈវប្បធម៌ដ៏សម្បូរបែប ទាំងវប្បធម៌រូបិ និងអរូបិ ហើយការផ្សព្វផ្សាយសម្បត្តិសិល្បៈវប្បធម៌ ទាំងនេះតាមរយៈភាពយន្ត គឺជាមធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ផ្ទេរមរតកដ៏ថ្លៃថ្លានេះទៅឱ្យកូនចៅជំនាន់ក្រោយសម្រាប់ការសិក្សាស្វែងយល់ និងស្គាល់នូវអ្វីដែលជាការពិតនៃប្រវត្តិសាស្រ្ត។
លោកស្រីបន្ដថា៖ យើងនៅចាំបានថា ក្នុងអំឡុងទសវត្សរ៍ទី៦០ និងដើមទសវត្សទី៧០ ភាពយន្តខ្មែរមានការរីកចម្រើនគួរឱ្យកត់សំគាល់ និងបានបង្កឱកាសលក្អសម្រាប់កម្ពុជាធ្វើការផ្លាស់ប្តូរបទពិសោធន៍ល្អៗជាមួយប្រទេសនានាក្នុងតំបន់។ ប៉ុន្តែសង្គ្រាមដែលអូសបន្លាយជាងបីទសវត្សបាន បញ្ឈប់ដំណើរការរីកចម្រើនរបស់កម្ពុជា ក្នុងនោះក៏មាន វិស័យភាពយន្តផងដែរ ហើយបានបង្កការលំបាកដល់ កម្ពុជាក្នុងការកសាង និងអភិវឌ្ឍវិស័យនេះឡើងវិញ។
លោកស្រីបន្ដថា៖ បច្ចុប្បន្ន ក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី វិស័យភាពយន្តរបស់យើងកំពុងមានការវិវត្តរីកចម្រើនជាលំដាប់ ដែលអាចឆ្លើយតបបានទៅនឹងសេចក្តី ត្រូវការនៃទីផ្សារក្នុងស្រុក។
ជាក់ស្តែង នាពេលថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន បានឯកភាពឱ្យចាក់បញ្ចាំងតែភាពយន្តខ្មែរក្នុងម៉ោងមាស ចន្លោះម៉ោង៦ ដល់ម៉ោង៨ ដែលនេះគឺជាការជួយលើកស្ទួយ និងផ្តល់ឱកាសឱ្យផលិតករភាពយន្តខ្មែរយើងបានបង្ហាញនូវស្នាដៃរបស់កូនខ្មែរ និងរួមចំណែក ទប់ស្កាត់ការហូរចូល នៃវប្បធម៌ពាលាអាវ៉ាសែតាមរយៈភាពយន្តបរទេសផងដែរ។ ទន្ទឹមនឹងនេះ ផលិតករភាពយន្តខ្មែរទាំងអស់ក៏ត្រូវខិតខំពង្រឹងសមត្ថភាព គុណភាពក្នុងការផលិត ភាពយន្តកាន់តែប្រសើរឡើងថែមទៀត មិនមែនគ្រាន់តែសម្រាប់បំពេញតម្រូវការ ទីផ្សារក្នុងស្រុកទេ តែឈានទៅបំពេញបានទីផ្សារក្នុងតំបន់ ដើម្បីថែរក្សាការពារ ផងនិងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិរបស់យើងផង។
នាឆ្នាំកន្លងមកថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ដែលមានគោលដៅធានានូវការងារ គ្រប់គ្រង និងអភិវឌ្ឍឧស្សាហកម្មភាពយន្តដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋ កិច្ចសង្គម ទាំងថែរក្សាការពារអភិវឌ្ឍវប្បធម៌ ស្របតាមគោលនយោបាយជាតិស្តី ពីវិស័យវប្បធម៌។ ជាមួយគ្នានេះ អនុក្រឹត្យស្តីពីមូលទ្រទ្រង់ និងអភិវឌ្ឍសិល្បៈ ជាតិក៏បាននិងកំពុងរៀបចំដាក់ឱ្យដំណើរការ។
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអ្នកនិពន្ធ រឿង បានបញ្ជាក់ថា៖ រឿងហ្លួងព្រះសម្ដេចកន នេះ គឺប្រើពេលថត អស់រយៈជាង ២ឆ្នាំ ដោយចំណាយថវិកា អស់ចំនួន ជាង១លាន ដុល្លារ អាមេរិក ដែលមានការឧបត្ថម្ភ ពីសប្បុរសជន លោក លី យ៉ុងផាត់ អគ្គនាយកទូរទស្សន៏ PNN ។ លោកបន្ដថា៖ ភាពយន្តរឿង ហ្លួងព្រះស្តេចកន គឺជាផ្នែកមួយដ៏សំខាន់នៃផលិតវប្បធម៌ ដែលបានបង្កប់លក្ខណៈសម្គាល់០៣យ៉ាង គឺអត្តសញ្ញាណវប្បធម៌ គុណតម្លៃ និងអត្ថន័យ ដែលមិនត្រឹមតែជាទំនិញសម្រាប់ការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ តែ ភាពយន្តក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម និងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ផងដែរ។ ក្នុងន័យនេះ ផលិតករភាពយន្តគប្បីបង្កើតស្នាដៃភាពយន្តថ្មីៗ ដែល មានគុណភាព ពណ៌សម្បុរជាតិ និងត្រូវបង្កប់នូវខ្លឹមសារអប់រំ ដើម្បីផ្តល់ជាសារ ដល់អ្នកទស្សនាបានសិក្សា ស្រាវជ្រាវផងដែរ ៕ សំរិត