ភ្នំពេញ ៖ ជនសង្ស័យ២នាក់ មុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវបានប្រជាពលរដ្ឋដេញចាប់បានហើយប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីជននោះធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់កំពុងជិះកង់បីកាលពីវេលាម៉ោង១២ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិផ្លូវបេតុង ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ឯម កៅ ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ ទី២ ឈ្មោះ សាន ចំរើន ហៅ មាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ដើរឆក់កាបូប មានទីលំនៅ ភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហង់ ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ កម្មកររោងចក្រសាន់ស្កាយ ស្នាក់នៅ ផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិត្រពាំងទាប ឃុំមហាឫស្សី ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ ។ ដោយឡែក សម្ភារៈក្នុងកាបូប មានទូរស័ព្ទ២គ្រឿង លុយជាង១មុឺនរៀល ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ក្រោយសម្រាកពីការងារ ជិះកង់ទៅរកទិញម្ហូប ស្រាប់តែជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-1820 ជិះមកក្បែរ ហើយជនសង្ស័យ ម្នាក់ជិះពីក្រោយ ឈ្មោះ ឯម កៅ ឆក់យកកាបូបពីដៃហើយ បើកម៉ូតូរត់ឡើងតាមផ្លូវជាតិលេខ៤ឆ្ពោះទៅលិច ភ្លាមៗ ស្រែកផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចដេញតាមចាប់ បានម្នាក់ ហើយតាមចាប់បានម្នាក់ទៀត សម្ភារៈយកបានមកវិញ ។
ក្រោយកើតហេតុ ជនសង្ស័យ ទោះជាបងប្អូនប្រជាពលរដ្ឋព្យាយាមប៉ុនប៉ង ស្វាគមន៍ តែត្រូវបានកម្លាំងប៉ូលីសរារាំងខាងតែបាន នាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿង នៅប៉ុស្តិ៍ចោមចៅ ដើម្បីបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តទៅតាមនីតិវិធី ៕ សុខាសែនជ័យ