ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យទុស្សេចរន្តអគ្គីសនីបណ្តាលឲ្យទីតាំងស្តុកអេតចាយឆេះអស់

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងស្តុកអេតចាយដ៏ធំ១ នៅខាងក្រោយសាលាខណ្ឌដង្កោ ត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរទាំងស្រុង នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២និង៤០នាទី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

ទីតាំងស្តុកអេតចាយដ៏ធំ១នេះ ត្រូវបានប្រជាពលរដ្ឋប្រាប់ថា ម្ចាស់ទីតាំងមានឈ្មោះ គង់ ចាន់ ភេទប្រុស ជាជនជាតិវៀតណាម និងមានកម្មករជាច្រើននាក់ធ្វើការមានវេណយប់និងថ្ងៃ។

ដោយឡែកពាក់ព័ន្ធនិ ងករណីកើតមានអគ្គីភ័យនេះ ស្ត្រីម្នាក់ជាអ្នកភូមិថ្មីនេះបានប្រាប់ថា គាត់បានក្រោកដាំបាយដើម្បីលក់ប្រហែលម៉ោងជាង នៅ ពេលនោះគាត់បានឮសម្លេងផ្ទះចេញពីកន្លែងអេតចាយ ហើយក៏ឃើញមានអណ្តាតភ្លើងចេញពីឃ្លាំងស្តុកអេតចាយខាងត្បូង ចំណែកកម្មករគេកំពុងធ្វើការនៅឃ្លាំងអេតចាយខាងជើងជាប់គ្នា ហើយគាត់ឃើញភ្លើងឆេះដូចច្នោះគាត់ឲ្យ កម្មកររត់ទៅប្រាប់មេភូមិភ្លាមៗ ដើម្បីហៅឡានទឹក។ ស្ត្រីដដែលប្រាប់ថា ទម្រាំតែកម្មកររត់ទៅប្រាប់មេភូមិ ហើយទម្រាំឡានទឹកមកដល់ឃ្លាំងស្តុកអេត ចាយនោះបានឆេះយ៉ាងសន្ធោសន្ធៅបំផុត។

គួរបញ្ជាក់ឲ្យដឹងដែរថា ដោយសារតែស្ថានភាពផ្លូវតូចចង្អៀតធ្វើឲ្យខាងឡានទឹកមិនអាចចូលបានស្រួលផងនោះ អគ្គីភ័យបានឆេះកាន់តែខ្លាំងឡើងៗ រយះពេលជាង១ម៉ោងបង្កការភ័យខ្លាចដល់ពលរដ្ឋជិតខាង។ ក្នុងនោះដើម្បីការពារចៀសវាងឆ្លងចរន្តអគ្គិសនី ឬអាចបណ្តាលឲ្យឆក់ដល់មនុស្សផងដែរនោះអគ្គីសនីត្រូវបិទរលត់១ភូមិថ្មីតែម្តង។

នៅក្នុងហេតុការណ៍ខាងលើនេះក៏មិនបណ្តាលឲ្យមានករណីបង្កដល់អាយុជីវិតមនុស្សឡើយ។ ដោយឡែកក្រុមអន្តរាគមន៍រថយន្តបង្កា និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានចេញអន្តរាគមន៍ជាច្រើន រថយន្ត ហើយក្នុងនោះក៏មានរថយន្តពន្លត់អគ្គីភ័យមកពីខាងអង្គភាពកងរាជអាវុធហត្ថក្រុង និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀកម្ពុជាផងដែរបានរួមចំណែកជួយសង្គ្រោះ។

ដោយឡែកករណីអគ្គីភ័យដ៏សន្ធោសន្ធៅនេះ មន្ត្រីអគ្គីភ័យខណ្ឌដង្កោឲ្យដឹងថា ជាង៥ម៉ោងអគ្គីភ័យនៅមានសភាពខ្លាំងក្លាដដែលវាហាក់បីដូចឆេះ ប្រេង ព្រោះថាទីតាំងស្តុកសំភារៈអេតចាយនេះភាគច្រើនជ័រ ហេតុដូច្នេះយើង បាញ់ទឹកចូលទៅវាកាន់តែឆេះខ្លាំង។ ដោយមើលទៅសភាពមិនថមថយបែបនេះទើបធ្វើឲ្យពលរដ្ឋរស់នៅជិតខាងនាំគ្នាជម្លៀសទ្រព្យសម្បិត្តចេញជាបន្ទាន់ ព្រោះថាភ្លើងអាចឆេះរាលបន្ថែមទៀតទៅឃ្លាំងអេតចាយខាងជើងជាប់គ្នា៕ តាឡឹម


ចែករំលែក៖