ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនធ្លាក់ផ្លូវបុកដើមឈើស្លាប់ម្នាក់ ចំណែករថយន្តដាច់ពីរកំណាត់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅ ​និងកន្លែងកើតហេតុបន្ទាប់ពីបានបើបររថយន្ត យ៉ាងលឿងរេចង្កូតធ្លាក់ផ្លូវទៅបុកជាមួយដើមប្រេងខ្យល់ ដែលហេតុការណ៍ខាងលើនេះកើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៣ និង ៥០នាទី លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៨៤-៨៥ ស្ថិតក្នុងភូមិត្រពាំងឈើទាល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ចំរើន ឡុកសៀវហ្វុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកបររថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2K-7066 ដែលបានធ្វើដំណើរមកពីទិសខាងលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតធ្លាក់ផ្លូវមកបុកគល់ដើមប្រេងខ្យល់ ដែលនៅពីខាងជើងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបុរស ដែលជាអ្នកបើកបរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្តវិញបានដាច់ជាពីរកំណាត់ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕ ភ្នំដា


ចែករំលែក៖