ព័ត៌មានទាន់ហេតុការណ៍៖

បាត់គោដើររកប្រទះឃើញជនសង្ស័យ៣នាក់កំពុងលីសាច់គោយកទៅលាក់ទុកក្នុងចម្ការដំឡូងមី ឃាត់ខ្លួនម្នាក់

ចែករំលែក៖

 

បាត់គោដើររកប្រទះឃើញជនសង្ស័យ៣នាក់កំពុងលីសាច់គោយកទៅលាក់ទុកក្នុងចម្ការដំឡូងមី ឃាត់ខ្លួនម្នាក់

ខេត្តពោធិ៍សាត់៖ សត្វគោមួយក្បាលដែលបានបាត់ ខណៈម្ចាស់លែងឲ្យស៊ីស្មៅដូចសព្វមួយដងជាមួយសត្វគោដទៃផ្សេងទៀតនោះ ត្រូវក្រុមជនសង្ស័យមានគ្នាមិនលើសពី៣នាក់ ធ្វើសកម្មភាពលួចចាប់យកទៅពន្លះសាច់យកទៅលាក់ទុកក្នុងចម្ការដំឡូងមី ប៉ុន្តែត្រូវម្ចាស់គោដើររកប្រទះឃើញកំពុងតែលីសាច់គោ ស្រែកឆោឡោ និងប្តឹងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ មានករណីលួចវះសាច់គោញីមួយក្បាល ស្ថិតនៅចំណុច ថ្មដំរី ស្ថិតក្នុង ភូមិ អន្សរក្ដាម ឃុំស្នាអន្សា ស្រុក ក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បន្តថា ម្ចាស់គោ ឈ្មោះ ជួន សារឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិអន្សក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង១៤ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ម្ចាស់គោឈ្មោះ ជួន សារឿន បានប្រើកូនឈ្មោះសេត ដារិន ភេទប្រុស អាយុ ១៨ឆ្នាំ និងក្មួយឈ្មោះ សូ ធឿន ភេទប្រុស អាយុ២៣ឆ្នាំ ឲ្យទៅដឹកគោកន្លែងលែងឲ្យស៊ីដូចសព្វមួយដង តែពេលទៅដឹកគោនោះ ស្រាប់តែបាត់គោញី១ក្បាល។

ប្រភពបន្តថា នៅពេលដឹងថា បាត់គោញីមួយក្បាលហើយនោះ ក៏បាននាំគ្នាដើររករហូតដល់ម៉ោង១៦ និង៥០នាទី ថ្ងៃទី១៧ ខែសីហា ស្រាប់តែឃើញជនសង្ស័យ៣នាក់កំពុងលីសាច់ភ្លៅគោយកទៅលាក់ទុកនៅក្នុងចម្ការដំឡូងមី ក៏ផ្អើលឆោឡោ ប្តឹងនគរបាលតែម្តង ។

ប្រភពបានរាយការណ៍ថា ជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់ឈ្មោះ ទីង រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ រីឯឈ្មោះ រត្ន័ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញានោះ នាំគ្នារត់គេចខ្លួនបាត់អស់ ។ ជនសង្ស័យ ឈ្មោះ ទីង រិទ្ធី លីភ្លៅគោខាងក្រោយ ១, ចំណែកជនសង្ស័យ២នាក់ទៀតដែលត្រូវបងថ្លៃឈ្មោះទីង រិទ្ធីនោះ ម្នាក់លីភ្លៅក្រោយ១ និងម្នាក់ទៀតលីស្មាមុខ១ យកទៅលាក់ទុកក្នុងចំការដំឡូងម៉ី ចម្ងាយប្រហែល១០០ម៉ែត្រ ពីផ្ទះចាំចំការ របស់ជនសង្ស័យ ។

ជនសង្ស័យដែលឃាត់ខ្លួន ត្រូវសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ខណៈដែលសមត្ថកិច្ចក៏កំពុងមមាញឹកតាមប្រមាញ់ជន២នាក់ទៀតផងដែរយកមកផ្តន្ទាទោសតាមច្បាប់៕ ប៉ឹម ពិន


ចែករំលែក៖