ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​បញ្ជូន​ជនដែលបាញ់រថយន្ដក្រុង​បូព៌ា​អាស៊ីដឹកអ្នកដំណើរ​មក​ដល់​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖ ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​សីហា​ នេះ​ បញ្ជូន​បុរស​ម្នាក់​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ បាញ់​រថយន្ត​ក្រុង​”​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​”​ ព្រោះ​ទំនាស់​រឿង​គ្រោះថ្នាក់​ចរាចរ​បន្តិចបន្តួច​ ។​ ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​តុលាការ​ ។

ព័ត៌មាន​ដំបូង​ទទួល​បាន​ថា​ ជនបង្ក​ឈ្មោះ អេង កុសល អាយុ៣៧ឆ្នាំ មុខរបរអង្គរក្សនៅបន្ទាយវីរៈ៤៩៩​ ។​ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាក់ថា ក្រោយ​ការ​សួរនាំជននេះ ជាជនស៊ីវិលមិនមែនជាអង្គរក្ស ហើយក៏គ្មានក្របខណ្ឌកងទ័ពដែរ។

គួរ​បញ្ជាក់​ថា​ មានករណីផ្ទុះអាវុធ​ប្រមាណជិត១០គ្រាប់ ​នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧​ តាមបណ្ដាយផ្លូវ៥៩៨ ​មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បណ្ដាលមកពីគ្រោះថ្នាក់ចរាចររវាងរថយន្ដក្រុង និងរថយន្ដព្រូស។ បន្ទាប់ពីកើតហេតុជនបង្កត្រូវបានកម្លាំង សមត្ថកិច្ចចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើតាមជនដែលបានបាញ់ប្រហារ ទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលកើតហេតុរថយន្ដក្រុងរបស់ក្រុមហ៊ុន​ បូព៌ាអាស៊ីដឹកអ្នកដំណើរ បានបុក​រថយន្ដរបស់ខ្លួន​ហើយ មិនឈប់នោះទេ ទើបខ្លួនដេញតាមពីក្រោយហើយដកកាំភ្លើងបាញ់តែម្ដង ហើយបើគាត់ឈប់ដោះស្រាយមិនអីទេ តែគាត់ឈ្លើយ ពេកបុកហើយបើករត់ បើកយ៉ាងលឿនទៀតផង ចុះបើទៅបុកគេផ្សេងច្បាស់ជាគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។

មួយវិញទៀត ​បើតាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយ បានបើកទៅគៀរ​រថយន្ដព្រូស ក្រោយមករថយន្ដក្រុងនោះមិនបានឈប់ដោះស្រាយ​ទេ គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូស ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង​ ប៉ុន្ដែក្នុងករណីនេះ មិនមានអ្នកណាម្នាក់រងរ​បួ​សនោះទេ។ នៅកន្លែងកើតហេតុសមត្ថកិច្ច បាន​ដកហូតអាវុធខ្លីទំនើប របស់ជនដែលបាញ់ផងដែរ ទុក​បណ្ដោះអាសន្នសិនផងដែរ៕ ចេស្តា


ចែករំលែក៖