ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកផ្ទះសំណាក់យីហោ ធីធី ម្នាក់ដេកស្លាប់ដោយសារគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ដែលជាអ្នករៀបចំបន្ទប់ នៅក្នុងផ្ទះសំណាក់យីហោ ធីធី បានដេកស្លាប់នៅជាន់ទី២ ដោយសារខ្យល់គ រហូតដល់គាំងបេះដូងស្លាប់ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ស្ថិតនៅចំណុច ផ្ទះលេខ៧ដេ១ ផ្លូវ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ចាន់ណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នករៀបចំបន្ទប់នៅផ្ទះសំណាក់ ធីធី មានស្រុកកំណើតនៅខេត្តកំពង់ធំ ។

យោងតាមប្រភពព័ត៌មានពី សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ គាត់ឃើញបុរសរងគ្រោះ បានទៅទិញអាហារយកមកហូបដូចធម្មតា ហើយជនរងគ្រោះជាមនុស្សស្លូតត្រង់ មិនចេះជក់បារី និងផឹកស្រា នោះទេ ។

សាក្សីបានបន្តទៀតថា នៅម្សិលម៉ិញជនរងគ្រោះនិយាយគ្នាលេងសើចសប្បាយ លុះដល់ថ្ងៃកើតហេតុស្រាប់តែទទួលដំណឹងថាគាត់ដេកស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុខាងម្ចាស់ផ្ទះសំណាក់ ធីធី រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីអោយខាងជំនាញខាងកោសល្យវិច្ឆ័យ ចុះមកពិនិត្យជាក់ស្តែង និងបានបញ្ជាក់ថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារខ្យល់គររហូតដល់គាំងបេះដូងពិតប្រាកដមែន ។

បច្ចុប្បន្នសពជនរងគ្រោះជាបុរសពោះម៉ាយផងដែរ ហើយត្រូវបានម្ចាស់ផ្ទះសំណាក់ ធីធី ជួយថវិការដឹកសពជនរងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតនាខេត្តកំពង់ធំ ៕ស តារា


ចែករំលែក៖