ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ សមត្ថកិច្ចខណ្ឌសែនសុខ មិនទាន់បង្ក្រាបទីតាំងអ៊ីនធើណេតបង្កប់ល្បែងស៊ីសង

ចែករំលែក៖

ភ្នំពេញ៖ ក្នុងមូលដ្ឋានខណ្ឌសែនសុខ មានទីតាំងអ៊ីនធើណេតជាច្រើនកន្លែង ត្រូវបានសមត្ថកិច្ចមូលដ្ឋានលួចបង្ហើបថា ភាគច្រើនគឺបង្កប់នូវល្បែងស៊ីសង ប្រភេទហ្គេម ភ្នាល់បាល់ និងឡាយល្បែងពីកាស៊ីណូស្របច្បាប់ ។ ក្រៅពីទីតាំងអ៊ីនធើណេត ក៏មានករណីកត់កន្ទុយលេខ ដ៏ប្រសេកប្រសាចដូចផ្សារត្រី ធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្តចំពោះភាពព្រងើយកន្តើយរបស់អាជ្ញាធរ និងសមត្ថកិច្ច ខណៈព្រួយបារម្ភទៅនឹងអំពើអសន្តិសុខណាមួយនៅក្នុងសង្គម។

ទីតាំងអ៊ីនធើណេតយីហោ ហ្វ័រជី អ៊ីនធើណេត៨៨ ស្ថិតក្នុងភូមិបុរី១០០ខ្នង និងអ៊ីនធើណេតជាច្រើនទៀត នៅតែបានដំណើរការដដែល ដែលគេសង្ស័យថា សមត្ថកិច្ច និងអាជ្ញាធរ បានពាក់ព័ន្ធទៅនឹងការទទួលប្រយោជន៍ណាមួយជាលក្ខណៈប្រចាំខែ ទើបទីតាំងអ៊ីនធើណេតមួយចំនួនបានត្រឹមតែដកស្លាកយីហោ ប៉ុន្តែសកម្មភាពនៅតែបន្តដដែល។

ប្រភពនៃបទល្មើសបានកើតចេញពីទីតាំងបនល្បែងស៊ីសងនេះ ក្នុងនោះសូម្បីតែលោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញបានលើកឡើងផងដែរថា បទល្មើសគឺផ្តើមចេញពីតាំងល្បែងស៊ីសង ទីតាំងការធ្វើអាជីវកម្មបញ្ចាំ២៤ម៉ោងលើ២៤ម៉ោង ក្នុងនោះលោកថែមទាំងមានវិធានការ ឲ្យបង្ក្រាបនិងពិនិត្យផ្លូវច្បាប់។ ជាក់ស្តែងនៅខណ្ឌសែនសុខ គ្រាន់តែទីតាំងបញ្ចាំ២៤ម៉ោងលើ២៤ម៉ោង កម្លាំងចម្រុះចុះពិនិត្យឆែកឆេរ ឃើញថា ក្នុងចំណោមម៉ូតូជាង៧០គ្រឿង មានតែ១៧គ្រឿងប៉ុណ្ណោះ មានច្បាប់ត្រឹមត្រូវ ដោយឡែកជាង៥០គ្រឿងទៀតគ្មានឯកសារគ្រប់គ្រាន់ ចំណុចនេះតើ ម្ចាស់ទីតាំងដាក់ទទួលបញ្ចាំបានម៉ូតូខុសច្បាប់ទាំងនេះមកពីណា?

លោកអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ប៊ិល កុសល ចំណុចខ្លះខ្វះការទទួលខុសត្រូវក្នុងតំណែងពាក់ព័ន្ធទីតាំងបនល្បែងស៊ីសង ពិសេសអ៊ីនធើណេត ទម្លាប់ឆ្លើយដាក់សមត្ថកិច្ច ហើយសមត្ថកិច្ចវិញ ទម្លាប់ឆ្លើយដាក់គណៈ បញ្ជាការឯកភាពខណ្ឌ ដោយឡែកសមត្ថកិច្ចនិងអាជ្ញាធរមួយចំនួន ពួកគាត់តែងតែលើកឡើងថា រង់ចាំតែបញ្ជាពីថ្នាក់លើប៉ុណ្ណោះ ។

ប្រសិនបើអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខមិនបានរិតបន្តឹងជុំវិញបញ្ហាអស់ទាំងនេះទេ បទល្មើសអាចនឹងកើតមាន ករណីចោរកម្ម លួច ឆក់ ប្លន់ ការប្រើប្រាស់គ្រឿងញៀនដោយហេតុថា ទីតាំងអ៊ីនធើណេតខ្លះមិនត្រឹមតែជាកន្លែងល្បែងស៊ីសងប៉ុណ្ណោះទេ បានក្លាយទៅជាទីតាំងដែលក្រុមយុវជនខ្លះចូលទៅលេង និងប្រើប្រាស់គ្រឿងញៀន ក៏ដូចជាចេញធ្វើសកម្មភាពនៅពេលយប់ជាដើមផងដែរ។ ហេតុដូច្នេះ អាជ្ញាធរ និងសមត្ថកិច្ច គួរមានវិធានការបង្ក្រាប ឲ្យស្របតាមទិសស្លោករបស់រាជរដ្ឋាភិបាល លើគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ពីព្រោះថា គ្រប់ទីតាំងវេទិកាសាធារណៈ ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ តែងសំណូមពរឲ្យមានការបង្ក្រាបទីតាំងបនល្បែងស៊ីសង ប៉ុន្តែករណីនេះធ្វើបានដោយកន្លែងៗប៉ុណ្ណោះ ៕តុង សីហា

 

 


ចែករំលែក៖