ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួង អជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណ ២០០០នាក់។

ថ្លែងនៅក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានផ្តាំផ្ញើបណ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលលោកទាំងពីរតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ សម្តេចទាំងពីរក៏បានផ្តាំផ្ញើនូវការថ្លែងអំណរគុណជូនចំពោះប្រជាពលរដ្ឋគ្រប់រូបដែលបានបន្តផ្តល់គាំទ្រសម្តេចតេជោ និងគណបក្សប្រជាជន ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៏ប្រទេសកម្ពុជាឲ្យកាន់តែមានភាពជឿនលឿនលើគ្រប់វិស័យដូចបណ្តាប្រទេសអភិវឌ្ឍន៏លើសកលលោក។

ចំពោះបញ្ហាទីផ្សារកសិកម្ម បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការទាក់ទាញអ្នកវិនិយោគក្រៅប្រទេសមកវិនិយោគលើការកែច្នៃផលិតផលកសិកម្ម និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយទន្ទឹមនឹងនេះ ក្រសួងពាក់ព័ន្ធក៏កំពុងខិតខំរៀបចំការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា កំពង់ផែទឹកជ្រៅសម្រាប់នាវាធំៗចូលចត គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិខ្នាតធំ ការតភ្ជាប់បណ្តាញផ្លូវថ្នល់ ការសាងសង់បណ្តាញវារីអគ្គិសនី និងប្រព័នធារាសាស្រ្តជាដើម។

ជាចុងក្រោយ លោករដ្ឋមន្រ្តី បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការប្រើប្រាស់សម្តីញុះញង់បង្កចលាចលរបស់ជនអគតិមួយចំនួន ដែលបង្កភាពអាណាធិបតេយ្យដល់សង្គមដែលកំពុងទទួលបានសុខសន្តិភាពពេញលេញ និងមានការរីកចំរើន។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់អជ្ញាធរពាក់ព័ន្ធសហការក្នុងការផ្តល់សេវាសាធារណៈឲ្យបានល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឲ្យបានខ្ចាប់ខ្ជួននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយក្រុមការងារថ្នាក់កណ្តាលក៏ត្រូវចុះជាប្រចាំដើម្បីពិនិត្យ និងតាមដាននូវសុខទុក្ខរបស់ប្រជាពលរដ្ឋ៕ ហេង សូរិយា


ចែករំលែក៖