ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនបុរស៥នាក់ក្រោយរកឃើញមានផ្ទុកសារធាតុថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ បុរស៥នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ភ្នំពេញថ្មីខហសការនិងកម្លាំងនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនក្នុងពេលផ្សេងគ្នា ពាក់ព័ន្ឋប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។

ការឃាត់ខ្លួនពួកគេទាំង៥នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាព្រលប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ តាមរយៈការត្រួតពិនិត្យទឹកនោមរបស់ពួកគេដោយឧបករណ៍វិទ្យាសាស្ត្រ បានផ្តល់សញ្ញាវិជ្ជមានថាពួកគេសុទ្ឋតែមានផ្ទុកនូវសារធាតុថ្នាំញៀននៅក្នុងខ្លួនដែលទើបបានសេពរួចកន្លងមក។

លោក អនុសេនីយ៍ទោ ដួង វណ្ណៈ នាយប៉ុស្តិ៍នគរបាល(ស្តីទី)រដ្ឋបាលភ្នំពេញថ្មី បានរាយការណ៍ថា មានបុរសចំនួន៥នាក់ត្រូវបានកងកម្លាំងសមត្ថកិច្ចរបស់លោកឃាត់ខ្លួន ពីបទសង្ស័យថា បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្រោយពេលនាំយកមកត្រួតពិនិត្យទឹកនោមរបស់ពួកគេរកឃើញមានផ្ទុកនូវសារធាតុញៀន។

លោកបានឲ្យដឹងថា ក្រុមជនទាំង៥នាក់នោះត្រូវបានឃាត់ខ្លួនក្នុងពេលដាច់ដោយឡែកពីគ្នាកាលពីព្រលប់ថ្ងៃទី១៧ ខែសីហានេះ ដែលក្រុមទី១ឃាត់ខ្លួនបាន ២នាក់ មានឈ្មោះ សំ រដ្ឋា អាយុ២១ឆ្នាំ មានទីលំនៅភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លា និងម្នាក់ទៀតឈ្មោះ ភា វ៉ាន់នី អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា ដែលពួកគេឃាត់ខ្លួននៅតាមផ្លូវក្នុងភូមិទំនប់សង្កាត់ភ្នំពេញថ្មី។ ក្រុមទី២ ឃាត់ខ្លួនបាន៣នាក់ ទី១ឈ្មោះ ស៊ីវ ឡុង អាយុ២៥ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម ទី២ឈ្មោះ សុខ ដារ៉ា អាយុ៤២ឆ្នាំ មានទីលំនៅក្នុងខណ្ឌទួលគោក ភ្នំពេញ ទី៣ឈ្មោះ រុណ រ៉ាត់ អាយុ៣០ឆ្នាំ មានទីលំនៅក្នុងខណ្ឌសែនសុខ។ ពួកគេត្រូវបាន ឃាត់ខ្លួននៅចំណុច ភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី។

កម្លាំងសមត្ថកិច្ច ត្រូវបានរដ្ឋាភិបាលដាក់ផែនការឲ្យបើកយុទ្ឋនាការបង្ក្រាបបទល្មើស គ្រឿងញៀនទ្រង់ទ្រាយធំទូទាំងប្រទេស ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៧ ដើម្បីសុវត្ថិភាពសន្តិសុខសង្គម ជូនប្រជាពលរដ្ឋ។

សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបានរដ្ឋាភិបាលដាក់ពិន័យយ៉ាងតឹងរឹង មិនឲ្យមានការពាក់ព័ន្ឋកាងបទល្មើសនេះឡើយ ដែលកន្លងមក គេល្បីលេចឮដោះលែងអ្នកជួញដូរថ្នាំញៀនមិនចេះចប់ដោយសារលាភសក្ការៈ ទើបបង្កឲ្យបទល្មើសនេះរីករាលដាលស្ទើរពេញប្រទេសបែបនេះ រហូតសម្តេចតេជោ ចេញបញ្ជាឲ្យបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យបានជោគជ័យទូទាំងប្រទេស ដោយកំណត់ឱសានវាទ ៦ខែ គិតត្រឹមខែមិថុនា ឆ្នាំ២០១៧ នេះ តែឥឡូវគ្រឿងញៀននៅតែមាន ប៉ុន្តែខ្សោយជាងមុនបន្តិច ព្រោះតែច្បាប់នៅមិនទាន់ខ្លាំងដូចនៅប្រទេសគេមួយចំនួន ថៃ ចិន ហ្វីលីពីន..អ្នកទោសគ្រឿងញៀនត្រូវព្យួរ ក និងបាញ់សម្លាប់៕ តុង សីហា


ចែករំលែក៖