ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​ ​ជនដែលបាញ់រថយន្ដក្រុង​បូព៌ា​អាស៊ីដឹកអ្នកដំណើរ​ ត្រូវ​តុលាការ​បញ្ជូន​ពន្ធនាគារ​ព្រៃស​

ចែករំលែក៖

ភ្នំពេញ​៖ ទីបំផុតបុរស​ម្នាក់​ដែល​​បាញ់​រថយន្ត​ក្រុង​ “បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ”​ ព្រោះ​ទំនាស់​រឿង​គ្រោះថ្នាក់​ចរាចរ​បន្តិចបន្តួច​ ត្រូវ​បាន​លោក​ សេង​ រិទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៩​ ខែ​សីហា​ នេះ​ សម្រេច​បញ្ជូន​​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ បន្ទាប់ពីលោក​ ឡុង​ ជាប​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ពី​បទ​ «កាន់កាប់​ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​»​ តាម​មាត្រា​៤១០ និង​មាត្រា​៤៩០នៃ​ក្រម​ព្រហ្មទណ្ឌ​។​

គួរ​បញ្ជាក់​ថា​ មានករណីផ្ទុះអាវុធ​ប្រមាណជិត១០គ្រាប់ ​នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧​ តាមបណ្ដាយផ្លូវ៥៩៨ ​មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បណ្ដាលមកពីគ្រោះថ្នាក់ចរាចររវាងរថយន្ដក្រុង និងរថយន្ដព្រូស។ បន្ទាប់ពីកើតហេតុជនបង្កត្រូវបានកម្លាំង សមត្ថកិច្ចចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើតាមជនដែលបានបាញ់ប្រហារ ទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលកើតហេតុរថយន្ដក្រុងរបស់ក្រុមហ៊ុន​ បូព៌ាអាស៊ីដឹកអ្នកដំណើរ បានបុក​រថយន្ដរបស់ខ្លួន​ហើយ មិនឈប់នោះទេ ទើបខ្លួនដេញតាមពីក្រោយហើយដកកាំភ្លើងបាញ់តែម្ដង ហើយបើគាត់ឈប់ដោះស្រាយមិនអីទេ តែគាត់ឈ្លើយ ពេកបុកហើយបើករត់ បើកយ៉ាងលឿនទៀតផង ចុះបើទៅបុកគេផ្សេងច្បាស់ជាគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។

មួយវិញទៀត ​បើតាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយ បានបើកទៅគៀរ​រថយន្ដព្រូស ក្រោយមករថយន្ដក្រុងនោះមិនបានឈប់ ដោះស្រាយ​ទេ គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូស ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង​ ប៉ុន្ដែក្នុងករណីនេះ មិនមានអ្នកណាម្នាក់រងរ​បួស នោះទេ។ នៅកន្លែងកើតហេតុសមត្ថកិច្ច បាន​ដកហូតអាវុធខ្លីទំនើប របស់ជនដែលបាញ់ផងដែរ ទុក​បណ្ដោះអាសន្នសិនផងដែរ៕ចេស្តា


ចែករំលែក៖