ខេត្តកំពង់ឆ្នាំង៖ រថយន្តទំនើបមួយដឹកឈើប្រណីតជាច្រើនដុំ រហូតដល់ផ្ទុះកង់ទៅមុខលែងរួច ទើបសមត្ថកិច្ចបានដឹង ខណៈដែលរថយន្តបើកឆ្ពោះទៅចូលរាជធានីភ្នំពេញ ។
ហេតុការណ៍រថយន្តដឹកឈើប្រណីតផ្ទុះកង់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើប្រណីតនេះ ម៉ាកតូយ៉ូតា កាមរី ពណ៌ស គ្មានស្លាកលេខ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងទៀបភ្លឺ គេឃើញរថយន្តបាឡែនមួយគ្រឿងនេះ បានបើក្នុងល្បឿនយ៉ាងលឿន ហើយនៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត នេះបានផ្ទុះកង់ខាងមុខ បណ្តាលឲ្យរេចង្កូតទៅបុករបង្គោលស្លាកប៉ាណូពាណិជ្ជកម្ម បណ្តាលឲ្យដាច់កង់មួយចំហៀងទៀតខាងក្រោយ ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានទុករថយន្តចោលហើយរត់គេចខ្លួនតែម្តង ។
នៅពេលដែលសមត្ថកិច្ចមកពិនិត្យមើលទើបដឹងថា រថយន្តមួយគ្រឿងនេះ បានដឹកឈើប្រណីតជាច្រើនដុំ រហូតបណ្តាលឲ្យផ្ទុះកង់បែបនេះតែម្តង ក្រោយពេលកើតហេតុសមត្ថកិច្ចបានអូសយករថយន្តដឹកឈើនេះទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ កំពង់ត្រឡាច ។
ជារៀងរាល់ថ្ងៃគេពុំសូវដែលឃើញមានសមត្ថកិច្ចឃាត់ចាប់រថយន្តដឹកឈើបាននោះទេ លុះត្រាតែរថយន្តដឹកឈើទាំងនោះបង្ករគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវទើបដឹង ហើយបើចាប់វិញ លុះត្រាតែឈ្មួញដឹកឈើនោះមិនភ្លេចមិនបានបង់លុយ កាក់ឲ្យទៅសមត្ថកិច្ចចម្រុះ ដែលកំពុងចងអង្រឹងនៅតាមផ្លូវជាតិ ៕ ចន្ថា