ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្រ្កាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គុំ ចំណុះឲ្យ អធិការដ្ឋាននគរបាលក្រុងសៀមរាបសហការណ៍ជាមួយកម្លាំងប្រជាការពារភូមិ សរុបចំនួន២២នាក់បានចុះធ្វើការល្បាតត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨ក្នុងភូមិសាស្ត្រភូមិកន្រ្ទក់ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

តាមប្រភពពី នគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ស្វាយដង្គំបានប្រាប់ថា ដោយមានការ​សហការណ៍ជាមួយកម្លាំងប្រជាការពារភូមិ សរុបចំនួន២២នាក់ បានចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកាលពីវេលា​ម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ជាលទ្ធផលកម្លាំងយើងបានបង្រ្កាបក្បាលអ៊ុយចំនួន០៤ក្បាល បរចំនួន២ក្បាល ដៃចំនួន០២ខ្សែ ចម្រឹង២០០០ដើម និង កាប់បំផ្លាញបរ និង ស្បៃមុងប្រវែង២៧០០ម៉ែត្រ ព្រមទាំងលែងកូនត្រី​ ចូលទៅក្នុងទឹកវិញចំនួន១៥គីឡូក្រាម និង បានដុតបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែង។

ចំណែកមន្រ្ដីជំនាញជលផលត្រូវបានប្រជាពលរដ្នរិះគន់ថា​ ត្រូវថ្នាំសណ្ដំ រហូតងាប់ត្រគាករើខ្លួនមិនរួច បានជាមិនឃើញចុះបង្រ្កាប បែរជានគរបាលប៉ុស្ដិ៍មកបង្រ្កាបទៅវិញ ទោះបីបទល្មើសនេសាទ​ដោយប្រើឧបករណ៍ខុសច្បាប់ច្រើនស្អេកស្កះយ៉ាងណាក៏ដោយ ធ្វើឲ្យប្រជាពលរដ្ន​ មិនសង្ឃឹមថា មានកូនត្រី​អាចធំនៅក្នុងរដូវពងកូននេះឡើយ​៕ ប៊ុន រិទ្ធី


ចែករំលែក៖